ក្រុមហ៊ុនអន្តរជាតិបង្ហាញពីគម្រោង “សួនកែច្នៃកាកសំណល់ នៅរាជធានីភ្នំពេញ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានជំនួបពិភា​ក្សាការងារ និងស្តាប់បទបង្ហាញអំពីការសិក្សា សមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេញ-ការជ្រើសរើសបច្ចេកវិទ្យា សម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល”។

ព័ត៌មាននេះ ត្រូវបានលើកឡើងដោយលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.) ក្នុងពេលអនុញ្ញាតជូនគណៈប្រតិភូក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering ដឹកនាំដោយលោក Thomas CHAUVEAU នាយកគ្រប់គ្រងផ្នែកប្រតិបត្តិការថាមពល និងអាជីវកម្មថ្មីៗ នៃក្រុមហ៊ុន Vinci Construction ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនារសៀលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីធ្វើបទបង្ហាញជូន លោកឧបនាយករដ្ឋមន្ត្រី អំពីរបាយការណ៍នៃការសិក្សាសមិទ្ធិលទ្ធភាពគម្រោង “សួនកែច្នៃកាកសំណល់នៅរាជធានីភ្នំពេ​ញ- ការជ្រើសរើសបច្ចេកវិទ្យា សម្រាប់ប្រព្រឹត្តកម្មសំណល់រឹងក្នុងទីក្រុង និងការផលិតថាមពល” ដែលត្រូវបានសហការសិក្សាដោយអ្នកជំនាញពីក្រុមហ៊ុន Vinci Construction និងក្រុមហ៊ុន Sage Engineering។

តាមរយៈបទបង្ហាញនេះដែរ អ្នកជំនាញបានជម្រាបអំពីព័ត៌មាន ជាអាទិ៍៖ ទិន្នន័យពាក់ព័ន្ធដែលប្រមូលបាន បច្ចុប្បន្នភាពនៃការសិក្សាគម្រោង និងបច្ចេកវិទ្យាពាក់ព័ន្ធនានា សម្រាប់ការធ្វើប្រព្រឹត្តកម្មសំណល់រឹង និងបំប្លែងជាថាមពលសម្រាប់ប្រើប្រាស់បន្ត។

ក្រុមហ៊ុនទាំងពីរ បានសហការសិក្សាគម្រោងនេះ ឡើងជាមួយវត្ថុបំណង រួមមាន៖ (១)បង្កើតថាមពលស្អាត និងតម្លៃសមរម្យ ដោយបំប្លែងកាកសំណល់ទៅជាអគ្គិសនី (២) បង្កើនអាយុកាលនៃទីលានចាក់សំរាម (៣) លើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ (៤) លើកកម្ពស់វិស័យឧស្សាហកម្ម នវានុវត្តន៍ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ តាមរយៈការសាងសង់ រោងចក្រកែច្នៃកាកសំណ​ល់រឹង ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ និង(៥) ពង្រឹងការគ្រប់គ្រងថ្លៃដើមក្នុងការកែច្នៃកាកសំណល់ក្នុងទីក្រុង៕

LEAVE A REPLY

Please enter your comment!
Please enter your name here