អ្នកឧកញ៉ាសំ សុខនឿនគាំទ្រការលើកឡើងរបស់សម្តេចធិបតីថា វិស័យអចលនទ្រព្យងើបឡើងវិញបណ្តើរៗហើយ

ចែករំលែក

ដោយៈ និស្ស័យ

    ភ្នំពេញៈ ជាអ្នកជំនាញ និងក្លាយជាអ្នកអភិវឌ្ឍន៍ម្នាក់ អ្នកឧកញ៉ាសំ សុខនឿនបានគាំទ្រ ការលើកឡើងរបស់សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានលើកឡើងថា វិស័យអចលវត្ថុងើបឡើងវិញបណ្តើរៗហើយ។

    អ្នកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីរសៀលថ្ងៃទី៤ មិនាថា ទីផ្សារលំនៅដ្ឋានបានមានភាពប្រសើរឡើង ជាមួយនឹងការទិញលក់ដីធ្លី ដោយសារវិស័យឧស្សាហកម្មមានភាពរីកចម្រើន ក៏ដូចជា ការរីកចម្រើនសេដ្ឋកិច្ច សង្គមរបស់កម្ពុជា។

    អ្នកឧកញ៉ាបានបញ្ជាក់ថា “ការងើបឡើងនេះ ជាការងើបឡើងប្រកបដោយភាពធន់ និងជាកំណើនពិតប្រាកដ និងប្រកបដោយគុណភាព”។ លោកបន្ថែមថា “ទោះជាយ៉ាងណា ស្ថានភាពទីផ្សារមិនទាន់មានសភាពពុះកញ្រ្ជោលខ្លាំងនោះទេ វាត្រូវការពេលវេលាបន្ថែមទៀត”។

អ្នកឧកញ៉ាបានបន្តថា ជាមួយគ្នានេះ ឆ្នាំ២០២៥នេះ ការទិញផ្ទះកើនឡើង ប៉ុន្តែជាការកើនឡើងតិច តែជាការកើនឡើងនូវប្រកបដោយគុណភាព ព្រោះអ្នកទិញផ្ទះបច្ចុប្បន្ន គឺទិញសម្រាប់ស្នាក់នៅ មិនទិញទុកលក់យកចំណេញដូចពីមុននោះទេ។

    អ្នកឧកញ៉ាបន្ថែមថា មុនវិបត្តិកូវីដ១៩ ការទិញផ្ទះមានកំនើនខ្ពស់ខ្លាំង ដោយសារពេលនោះអ្នកទិញខ្លះបានទិញ៥ផ្ទះ ទៅរាប់រយផ្ទះ ដើម្បីទុកលក់យកចំណេញ ប៉ុន្តែកំណើនបែបនេះ មិនឆ្លុះបញ្ចាំងពីស្ថានភាពទីផ្សារពិតប្រាកដទេ ប៉ុន្តែការងើបឡើងវិញនាពេលនេះ ជាស្ថានភាពទីផ្សារពិតប្រាកដ និងជាស្ថានភាពនៃការរីកចម្រើនប្រកប​ដោយភាពធន់ និងរ៉ឹងមាំយូរអង្វែង៕


ចែករំលែក