ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមមន្រ្តីក្រសួងសាធារណៈការ បានបើកកិច្ចប្រជុំលើកទី១ ក្រុមការងាររៀបចំ និងអនុវត្តគម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ ជាមួយក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។
កិច្ចប្រជុំនេះដឹកនាំដោយលោកឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយក្រុមការងារអនុវត្តគម្រោង ដែលមានសមាសភាពចូលរួម ពីក្រុមជំនាញការធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយ លោកស្រីJIN Wang ( Project Team Leader ) ព្រមទាំងមានការចូលរួមពីមន្រ្តីមកពីស្ថាប័នពាក់ព័ន្ឋ។
-->

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើម ពីសំណាក់អ្នកជំនាញការទីប្រឹក្សា និងភាគីពាក់ព័ន្ធ។ ក្រោយកិច្ចពិភាក្សាក្រុមការងារអនុវត្តគម្រោង និងអ្នកជំនាញការនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែម ក្នុងការប្រមូលធាតុចូលទៅតាមទីតាំង ដែលបានកំណត់ ក្នុងបណ្តារផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ ព្រមទាំងចុះពិនិត្យស្ថានីយចំណតឡានក្រុង ស្ថានីយរថភ្លើងរាជធានីភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិតេជោ តំបន់អភិវឌ្ឍថ្មី ក្រុងរណបថ្មី និងទីតាំងផ្សេងៗទៀត ដើម្បីកំណត់ខ្សែផ្លូវ សំរាំង និងខ្សែផ្លូវអាទិភាព សម្រាប់សិក្សាសមិទ្ធិលទ្ធភាព និងពិនិត្យលទ្ធភាពក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត។
គម្រោងសិក្សាបឋមបណ្តាញរថភ្លើងក្រោមដី (METRO) នៅរាជធានីភ្នំពេញ បានចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ ទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន៕
