លោកបណ្ឌិតគីម ហ៊ាងៈ ២០២៥ជាឆ្នាំលំបាកបំផុតចុងក្រោយក្នុងវិស័យអចលនទ្រព្យ ប៉ុន្តែជាឱកាសរបស់អ្នកទិញ

0

ដោយៈ ស៊ីវ ម៉េង

    ភ្នំពេញៈ ទន្ទឹមនឹងជាឱកាសល្អ សម្រាប់ទិញអចលនទ្រព្យ ឆ្នាំ២០២៥ ក៏ជាឆ្នាំនៃការធ្លាក់ចុះក្នុងវិស័យអចលនទ្រព្យ នៃដំណាក់កាលចុងក្រោយ។ នេះជាការលើកឡើងរបស់ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង។

    លោកឧកញ៉ាបានមានប្រសាសន៍បន្តថា អចលនទ្រព្យបានធ្លាក់ដដល់ចំណុចបាត នៅឆ្នាំ២០២៤ហើយ វាមិនមានកន្លែងធ្លាក់ទៀតទេ ប៉ុន្តែឆ្នាំ២០២៥ ពេលវេលាល្អសម្រាប់ទិញផ្ទះ ដោយសារបុរីជាច្រើនបានសល់ផ្ទះបន្ទាប់ពីសាងសង់ចប់ ហេតុនេះអ្នកទិញមានលទ្ឋភាពចចាបាន ពិសេសធនាគារជាច្រើនមានសល់ប្រាក់ច្រើន ហេតុនេះពួកគេនឹងបញ្ចេញទុន។

-->

    លោកឧកញ៉ាបន្តបញ្ជាក់ថា “ដីធ្លីឈប់ធ្លាក់តម្លៃហើយ បន្ទាប់ពីបានកើនឡើងដល់ ដំណាក់កាលកំពូលនៅឆ្នាំ២០១៩ ហើយបានធ្លាក់ចុះគួរឲ្យបារម្ភនៅឆ្នាំ២០២២ ដល់ឆ្នាំ២០២៤”។ លោកបន្តថា “នៅពេលណាដីកើនឡើង វានឹងកើននៅពេលសេដ្ឋកិច្ចសកល មានភាពប្រសើរឡើង ជាមួយលំហូរទុនវិនិយោគពីបរទេស”។

    តើគួរវិនិយោគបែបណាដើម្បីមានសុវត្ថិភាព លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានពន្យល់ថា ដើម្បីវិនិយោគប្រកប​ដោយសុវត្ថិភាព ធ្វើយ៉ាងណាធ្វើឲ្យខ្លួនយើងជាម្ចាស់ លើប័ណ្ណអចលនទ្រព្យមួយហ្នឹង បើសិនជាគាត់យកលុយរាប់លានដុល្លារ មកវិនិយោគនៅកម្ពុជា ដោយប្រើឈ្មោះគេ គឺមិនសូវមានសុវត្ថិភាពទេ។

    ប៉ុន្តែដើម្បីទិញដី ឬអចលនទ្រព្យមានសុវត្ថិភាពនៅកម្ពុជា មានវិធីបីដូចជា ទី១ ជនបរទេសនោះអាចសុំចូលសញ្ជាតិកម្ពុជា ទី២ អាចសហការវិនិយោគ ជាមួយអ្នកធុរកិច្ចក្នុងស្រុក ក្នុងទម្រង់៥១ និង៤៩ភាគរយ និងទី៣ វិនិយោគតាមរយៈកម្មវិធីTRUST របស់ធនាគារមួយចំនួន ដែលបាននិងកំពុងដំណើរការកម្មវិធីនេះ៕