ប្រទេសកូរ៉េខាងត្បូងត្រៀមបោះទុនវិនិយោគចំនួន៣៤ពាន់លានដុល្លារលើឧស្សាហកម្មបច្ចេកវិទ្យាសំខាន់ៗ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងគ្រោងនឹងបង្កើតមូលនិធិគោលនយោបាយមួយក្នុងទំហំទឹកប្រាក់ចំនួន៣៤ពាន់លានដុល្លារ ដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុក ស្របពេលមានការប្រកួតប្រជែងជាសកល និងលទ្ធិគាំពារនិយម។

រដ្ឋាភិបាលកូរ៉េខាងត្បូងបានអះអាងថា “ការប្រកួតប្រជែងនៅក្នុងឧស្សាហកម្មយុទ្ធសាស្រ្តបានក្លាយជាចំណុចស្នូលនៃសន្តិសុខសេដ្ឋកិច្ចជាតិ ស្របពេលមានការកើនឡើងនៃភាពមិនច្បាស់លាស់ពីកត្តាខាងក្រៅ ក្រោមរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក។នេះជាសង្គ្រាមដែលគ្មានផ្សែងគ្រាប់កាំភ្លើង”។

ចាប់តាំងពីការវិលចូលកាន់តំណែងក្នុងសេតវិមានកាលពីខែមករា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានគំរាមកំហែងដំឡើងពន្ធគយជាបន្តបន្ទាប់លើបណ្តាដៃគូពាណិជ្ជកម្មសំខាន់ៗ និងឧស្សាហកម្មផ្សេងៗដូចជា បន្ទះឈីប យានយន្ត និងជីវឱសថ។

មូលនិធិតម្លៃ៣៤,៣៧ពាន់លានដុល្លារនេះនឹងត្រូវបានវិភាជន៍ដល់បណ្តាក្រុមហ៊ុនបច្ចេកវិទ្យាសំខាន់ៗ ដូចជាបន្ទះឈីប និងយានយន្ត ក្នុងទម្រង់ជាប្រាក់កម្ចីដែលមានអត្រាការប្រាក់ទាប និងទម្រង់នៃការវិនិយោគផ្សេងទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចាត់ទុកឧស្សាហកម្មចំនួន១២ប្រភេទ ជា“បច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិ” ក្នុងគោលដៅផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការការពារ ដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃការប្រកួតប្រជែងជាសកល។

ឧស្សាហកម្មបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិទាំងនោះរួមមានដូចជា បន្ទះឈីប មធ្យោបាយធ្វើដំណើរនាពេលអនាគត ថ្មអាគុយ ជីវឱសថ អវកាស និងបញ្ញាសិប្បនិម្មិត(AI) ជាដើម៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here