សម្តេចធិបតីៈកម្ពុជាកំពុងវិនិយោគជាយុទ្ឋសាស្រ្តលើបណ្តាញហេដ្ឋារចនាសម្ព័ន្ឋគ្រប់ជ្រុងជ្រោយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា កម្ពុជាបាននិងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនា​ សម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ។

គំរោងហេដ្ឋារចនាសម្ព័ន្ឋទាំងនោះ​ រួមបញ្ចូលទាំងផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្ម ដើម្បីធានាបាននូវការតភ្ជាប់ដោយរលូន ជាមួយរដ្ឋសមា​ជិកអាស៊ាន និងតំបន់ផ្សេងទៀត។ ​

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ​ ក្នុងឱកាសដែលសម្តេចអញ្ជើញ បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា​ នៅសណ្ឋាគារសូហ្វីតែល នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥នេះ។

សម្តេចបានគូសបញ្ជាក់ថា មួយនឹងការទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់កម្ពុជា ក្នុងការជំរុញវិបុលភាពតំបន់​ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញយ៉ាងសកម្ម នូវបរិយាកាសអំណោយផល ដល់ការវិនិយោគ តាមរយៈការកែលម្អជាបន្តបន្ទាប់។ ដើម្បីធានាបាននូវការតភ្ជាប់ដោយរលូន ជាមួយរដ្ឋសមាជិកអាស៊ាន និងតំបន់ផ្សេងទៀត ស្របតាមមូល​បទក្នុងថ្ងៃនេះ​ កម្ពុជា បាន និងកំពុងវិនិយោគជាយុទ្ធសាស្រ្តលើបណ្តាញហេដ្ឋារចនា​សម្ព័ន្ធរូបវន្ត ប្រកបដោយភាពគ្រប់ជ្រុងជ្រោយ ដែលរួមបញ្ចូលទាំង ផ្លូវល្បឿនលឿន កំពង់ផែទឹកជ្រៅ អាកាសយានដ្ឋានអន្តរជាតិ និងមជ្ឈមណ្ឌលភស្តុភារកម្ម។

សម្តេចបវរធិបតីបញ្ជាក់បន្ថែមថា យើងជឿជាក់លើថាមពលនៃវឌ្ឍនភាពនៃកិច្ចសហការ ដោយប្រើប្រាស់ក្របខ័ណ្ឌអាស៊ាន ដើម្បីបង្កើតវិបុលភាព និងភាពស្អិតរមួតក្នុងតំបន់។ ការយកចិត្តទុកដាក់របស់យើង ត្រូវបានបង្ហាញឱ្យឃើញ តាមរយៈ ការចូលរួមយ៉ាងសកម្ម នៅក្នុងការពង្រឹងសន្តិសុខ និងកំណើនសេដ្ឋកិច្ចក្នុងតំបន់

ទន្ទឹមគ្នានេះ សម្តេចបានលើកឡើងទៀតថា ក្នុងនាមជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)​ កម្ពុជាបានបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះការធ្វើពាណិជ្ជកម្ម ដោយស្មើភាព និងតម្លាភាព។ កម្ពុជា ផ្តោតលើការសម្រេចបាន នូវសហគមន៍សេដ្ឋកិច្ច ប្រកបដោយជវភាព និងសមាហរណកម្ម តាមរយៈ សេរីភាវូបនីយកម្មពាណិជ្ជកម្មដ៏រឹងមាំ និងកិច្ចសម្រួលពាណិជ្ជកម្ម។

សម្តេចបវរធិបតីបន្តថា ក្នុងភាពជា​ដៃគូជិតស្និទ្ធជាមួយប្រទេសជិតខាងអាស៊ាន​ កម្ពុជា បាននិងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ដើម្បីរុះរើ និងកាត់បន្ថយរបាំងពាណិជ្ជកម្ម សម្រួលនីតិវិធីគយ សម្រួ​លនីតិវិធីចុះបញ្ជីអាជីវកម្ម និងបង្កើតបរិយាកាសគតិយុត្ត ប្រកបដោយភាពច្បាស់លាស់ និងតម្លា​ភាព។

លើសពីនេះទៅទៀតកម្ពុជា ក៏ផ្តោតលើការបើកចំហទីផ្សារ តាមរយៈកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីជាយុទ្ធសាស្ត្រ ដើម្បីផ្តល់លទ្ធភាពចូលទៅកាន់ទីផ្សារអាស៊ាន ក៏ដូចជា ទីផ្សារសេដ្ឋកិច្ចពិភពលោកសំខាន់ៗ រួមមាន សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ចិន កូរ៉េ និងអាមីរ៉ាត-អារ៉ាប់រួម ប្រកបដោយការអនុគ្រោះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here