កំពូលមហាសេដ្ឋីហុងកុងលោក Li Ka-shing សម្រេចលក់កំពង់ផែចំនួន២នៅព្រែកជីកប៉ាណាម៉ាទៅឱ្យក្រុមហ៊ុនអាមេរិក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន CK Hutchison របស់មហាសេដ្ឋីហុងកុងលោក Li Ka-shing បានឯកភាពលក់ភាគហ៊ុនភាគច្រើនរបស់ខ្លួននៅក្នុងកំពង់ផែសំខាន់ចំនួន២នៅលើព្រែកជីកប៉ាណាម៉ា (Panama) ទៅឱ្យសម្ព័ន្ធមួយ ដែលដឹកនាំដោយក្រុមហ៊ុនវិនិយោគខ្នាតយក្ស BlackRock របស់សហរដ្ឋអាមេរិក។

កាសែត Bloomberg អះអាងថា នេះជាការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន BlackRock នៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងជាជ័យជម្នះសម្រាប់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានសម្តែងការព្រួយបារម្ភអំពីឥទ្ធិពលរបស់ប្រទេសចិនលើកំពង់ផែសំខាន់ៗនៅជិតព្រែកជីកប៉ាណាម៉ា។

កំពង់ផែទាំង២ ដែលក្រុមហ៊ុន CK Hutchison Holding បានប្រកាសលក់ទៅឱ្យក្រុមហ៊ុនអាមេរិកក្រោមទំហំទឹកប្រាក់ចំនួន២២,៨ពានលានដុល្លារ មានទីតាំងនៅមហាសមុទ្រអាត្លង់ទិក និងមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាច្រកចូលទៅកាន់ព្រែកជីកប៉ាណាម៉ា។

ក្រុមហ៊ុន CK Hutchison ត្រូវបានបង្កើតឡើងដោយលោក Li Ka-shing ដែលជាមហាសេដ្ឋីហុងកុងដ៏ល្បីឈ្មោះ និងមិនមែនជាកម្មសិទ្ធិរបស់រដ្ឋាភិបាលចិននោះទេ។ប៉ុន្តែ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលក្នុងទីក្រុងហុងកុង ដែលមានន័យថា ក្រុមហ៊ុនត្រូវគោរពច្បាប់ហិរញ្ញវត្ថុរបស់ប្រទេសចិន។

កិច្ចព្រមព្រៀងនេះក៏អាចបន្ធូរបន្ថយសម្ពាធលើប្រធានាធិបតីនៃប្រទេសប៉ាណាម៉ាលោក Jose Raul Mulino ដែលបានព្យាយាមរារាំងមិនឱ្យសហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោក ត្រាំ ទាញយកព្រែកជីកប៉ាណាម៉ាទៅដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន។

ក្រុមហ៊ុន Hutchison បានគ្រប់គ្រងដំណើរការកំពង់ផែទាំង២ របស់ប៉ាណាម៉ា ក្រោមកិច្ចព្រមព្រៀងសម្បទានដែលត្រូវបានចុះហត្ថលេខាជាលើកដំបូងក្នុងឆ្នាំ១៩៩៧។ នៅឆ្នាំ២០២១ រដ្ឋាភិបាលប៉ាណាម៉ាបានសម្រេចបន្តផ្តល់សម្បទាននេះរហូតដល់ឆ្នាំ២០៤៧។

ដូច្នេះ ការទិញយកកំពង់ផែទាំង២នេះនឹងតម្រូវឱ្យមានការចុះហត្ថលេខាពីរដ្ឋាភិបាលនៃប្រទេសប៉ាណាម៉ា៕ប្រភព: BBC & Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here