ទីផ្សារលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ប្រទេសឥណ្ឌូនេសុីកំពុងស្គាល់នូវការរីក​ចម្រើនខ្លាំង

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារ​អចលន​ទ្រព្យ​នៅប្រទេសឥណ្ឌូនេស៊ី​បានស្គាល់នូវភាពរីក​ចម្រើន​យ៉ាង​ខ្លាំង​នារយៈ​ពេល​១ទសវត្សរ៍​កន្លង​មក។ ភាពរីកចម្រើននេះត្រូវបានជំរុញដោយកត្តានានាជាច្រើន រួមមានដូចជាអត្រាកំណើននៃចំនួនប្រជាជនវណ្ណៈកណ្តាល ស្ថិរភាពសេដ្ឋកិច្ច និងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារលំនៅដ្ឋាន។

ផ្នែកសំខាន់ៗនៃទីផ្សារអចលនទ្រព្យរបស់ប្រទេសឥណ្ឌូនេស៊ី រួមមានដូចជា ផ្នែកលំនៅដ្ឋាន ផ្នែកពាណិជ្ជកម្ម និងផ្នែកឧស្សាហកម្ម អាចផ្តល់នូវឱកាស និងបញ្ហាប្រឈមខុសៗគ្នា។

ទី១: ផ្នែកលំនៅដ្ឋាន

ទីផ្សារលំនៅដ្ឋានជាផ្នែកដ៏ទាក់ទាញបំផុតមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ី ខណៈតម្រូវការលំនៅដ្ឋាននៅក្នុងប្រទេសប្រជុំកោះមួយនេះត្រូវបានជំរុញដោយអត្រាកំណើនប្រជាជនជាទូទៅ កត្តានគរូបនីយកម្ម និងការកើនឡើងនៃចំនួនប្រជាជនវណ្ណៈកណ្តាល។

បណ្តាទីក្រុងធំៗនានាដូចជា ទីក្រុងហ្សាការតា និងកោះបាលីរបស់ឥណ្ឌូនេសុីកំពុងស្រូបទាញបានគម្រោងអភិវឌ្ឍន៍អគារអាផាតមុិនខ្ពស់ៗជាច្រើន និងការបង្កើតសហគមន៍។

រដ្ឋាភិបាលឥណ្ឌូនេសុីក៏បានដាក់ចេញនូវគោលនយោបាយផ្សេងៗក្នុងគោលបំណងដើម្បីលើកកម្ពស់ការសាងសង់លំនៅដ្ឋាន ដែលមានតម្លៃសមរម្យ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនឥណ្ឌូនេសុីទាំងអស់មានផ្ទះសម្រាប់រស់នៅ។

ទី២: ផ្នែកពាណិជ្ជកម្ម

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅឥណ្ឌូនេស៊ីកំពុងរីកចម្រើន ជាពិសេសនៅតាមបណ្តាទីក្រុងធំៗ ដែលមានតម្រូវការខ្ពស់ផ្នែកការិយាល័យ ហាងលក់រាយ និងបដិសណ្ឋារកិច្ច។

ការរីកចម្រើននៃការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ឬហៅថា “E-commerce” និងការហូរចូលរបស់បណ្តាក្រុមហ៊ុនបរទេសធំៗ បានជំរុញឱ្យមានតម្រូវការជួលអគារការិយាល័យទំនើប និងមជ្ឈមណ្ឌលដឹកជញ្ជូននៅក្នុងប្រទេសឥណ្ឌូនេស៊ី។

បន្ថែមពីលើនេះ ការរីកដុះដាលនៃវិស័យទេសចរណ៍ ជាពិសេសនៅកោះបាលី និងតំបន់រមណីយដ្ឋានដទៃផ្សេងទៀត បានជួយជំរុញឱ្យមានកំណើននៃការអភិវឌ្ឍន៍សណ្ឋាគារ និងរមណីយដ្ឋាន។

ទី៣: ផ្នែកឧស្សាហកម្ម

ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងប្រទេសឥណ្ឌូនេស៊ីកំពុងទទួលបានសន្ទុះ ដោយសារកត្តាទីតាំងយុទ្ធសាស្ត្ររបស់ប្រទេសនេះ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។សួនឧស្សាហកម្ម និងមជ្ឈមណ្ឌលភស្តុភារកំពុងត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់បណ្តាក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនចែកចាយ។

លើសពីនេះ ការយកចិត្តទុកដាក់របស់រដ្ឋាភិបាលឥណ្ឌូនេសុីលើការលើកកម្ពស់ការតភ្ជាប់ តាមរយៈការសាងសង់កំពង់ផែថ្មី ផ្លូវហាយវេ និងផ្លូវដែក ត្រូវបានគេរំពឹងថា នឹងជួយជំរុញទីផ្សារអចលនទ្រព្យឧស្សាហកម្មបន្ថែមទៀត៕ប្រភព: Arya Properties៕

LEAVE A REPLY

Please enter your comment!
Please enter your name here