ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ការលក់អចលនទ្រព្យនៅតំបន់រដ្ឋបាលពិសេសទីក្រុងហុងកុងនៃប្រទេសចិនបានដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៥ខែកាលពីខែកុម្ភៈ ឆ្នាំ២០២៥។
ការណ៍នេះជាសញ្ញាបង្ហាញឱ្យឃើញពីការប្រកាន់គោលជំហរយ៉ាងប្រុងប្រយ័ត្នក្នុងចំណោមបណ្តាអ្នកទិញផ្ទះ និងអ្នកវិនិយោគ ស្របពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។
កិច្ចព្រមព្រៀងនៃការលក់ផ្ទះ ការិយាល័យ ហាងលក់ទំនិញ ចំណតរថយន្ត និងអចលនទ្រព្យឧស្សាហកម្មនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥បានដាំក្បាលចុះប្រមាណ១៣ភាគរយមកនៅត្រឹមចំនួន៤.៣០៧កិច្ចព្រមព្រៀង បើធៀបនឹងខែមករាកន្លងទៅ។
-->
ជាមួយគ្នានោះ ទំហំទឹកប្រាក់សរុប ដែលទទួលបានពីកិច្ចព្រមព្រៀងទាំងនេះបានដាំក្បាលចុះ២៣ភាគរយមកនៅត្រឹមចំនួន២៨,២៩ពាន់លានដុល្លារហុងកុង (ប្រហែល៣,៦៤ពាន់លានដុល្លារអាមេរិក)។
លោកស្រី Yeung Ming-yee អ្នកជំនាញជាន់ខ្ពស់របស់ទីភ្នាក់ងារអចលនទ្រព្យ Centaline បានអះអាងថា “ទិន្នន័យខាងលើបានឆ្លុះបញ្ចាំងពីភាពប្រុងប្រយ័ត្នរបស់អ្នកទិញ និងអ្នកវិនិយោគ ចាប់តាំងពីមុនពេលដែលលោក ដូណាល់ ត្រាំ ស្បថចូលកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកជាផ្លូវការនៅក្នុងខែមករា”។
លោកស្រីបន្ថែមថា“ក្រៅពីកត្តាខាងលើ ប្រជាពលរដ្ឋហុងកុងជាច្រើនបានសម្រុកធ្វើដំណើរទៅក្រៅប្រទេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ហើយពួកគេបានពន្យារពេលក្នុងការទិញផ្ទះ”។
ក្រោយពីបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល៧ខែកាលពីខែវិច្ឆិកា ឆ្នាំមុនរួចមក ចំនួនកិច្ចព្រមព្រៀងលក់អចលនទ្រព្យនៅទីក្រុងហុងកុងបានដាំក្បាលចុះមកវិញអស់រយៈពេល៣ខែជាប់ៗគ្នា រាប់ចាប់តាំងពីខែធ្នូ ឆ្នាំមុន ដល់ខែកុម្ភៈ ឆ្នាំ២០២៥នេះ៕ប្រភព: SCMP៕
