ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យលំនៅដ្ឋាននៅក្នុងទីក្រុងគូឡាឡាំពួរ និងរដ្ឋ Selangor របស់ប្រទេសម៉ាឡេសុីត្រូវបានគេព្យាករណ៍ថា នឹងមានស្ថិរភាពនៅក្នុងឆ្នាំ២០២៥នេះ។
ក្រុមហ៊ុនភ្នាក់ងារប្រឹក្សាអចលនទ្រព្យ Henry Butcher ក្នុងប្រទេសម៉ាឡេសុីបានអះអាងថា“ទីផ្សារលំនៅដ្ឋាននឹងបន្តសម្រេចបានកំណើនជាវិជ្ជមានទាំងការលក់ និងតម្លៃ។ប៉ុន្តែ កំណើននោះនឹងស្ថិតក្រោមអត្រា១០ភាគរយ ដោយសារអតិថិជននៅតែរក្សាការប្រុងប្រយ័ត្ន”។
ការបន្តរក្សាបាននូវស្ថិរភាព និងកំណើននៃទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងគូឡាឡាំពួរ និងរដ្ឋ Selangor នឹងចូលរួមចំណែកដល់ការកាត់បន្ថយបន្ថែមទៀតនូវការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការ ខណៈតម្លៃផ្ទះក៏អាចនឹងកើនឡើងផងដែរ។
-->
ជាមួយគ្នានេះ បណ្តាអ្នកអភិវឌ្ឍន៍នឹងអាចផ្តោតលើការសាងសង់ផ្ទះមានតម្លៃចន្លោះពី៥០មុឺនរីងហ្គីតទៅ១លានរីងហ្គីត(ប្រហែល១១១.៨៧៥ដុល្លារទៅ២២៣.៧៥១ដុល្លារ)នៅទីក្រុងគូឡាឡាំពួរ និងសាងសង់ផ្ទះមានតម្លៃសមរម្យចាប់ពី៥០មុឺនរីងហ្គីតចុះក្រោមនៅក្នុងរដ្ឋ Selangor ។
ទីភ្នាក់ងារ Henry Butcher បានលើកឡើងថា កត្តាស្ថិរភាពនយោបាយ ក៏ដូចជាកំណើនសេដ្ឋកិច្ចដ៏រឹងមាំនឹងផ្តល់បរិយាកាសអំណោយផលសម្រាប់ប្រជាជនម៉ាឡេសុី និងជនបរទេសក្នុងការពិចារណាទិញផ្ទះ ឬការបណ្តាក់ទុនវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យលំនៅដ្ឋាន។
ម៉្យាងវិញទៀត បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យត្រូវបានគេរំពឹងទុកថា នឹងអាចដំឡើងតម្លៃផ្ទះរបស់ខ្លួននៅក្នុងឆ្នាំ២០២៥នេះ ស្របពេលថ្លៃដើមនៃសម្ភារៈសំណង់កើនឡើងខ្ពស់។
ទោះជាយ៉ាងនេះក្តី ព្រឹត្តិការណ៍ខាងក្រៅដូចជា ការបន្តអូសបន្លាយនៃសង្រ្គាមនៅតំបន់ហ្គាហ្សា និងសង្គ្រាមបញ្ឆេះដោយរុស្សុីនៅប្រទេសអ៊ុយក្រែន ជាកត្តាដែលអាចជះផលប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ។
លើសពីនេះ ភាពមិនប្រាកដប្រជានៃគោលនយោបាយពាណិជ្ជកម្មក្រោមរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ អាចបណ្តាលឱ្យក្រុមវិនិយោគិនប្រកាន់យកជម្រើសប្រុងប្រយ័ត្នជាជាងការប្រថុយប្រថានដើម្បីរង់ចាំមើលសភាពការណ៍កាន់តែច្បាស់៕ប្រភព: New Strait Times៕
