ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកអភិវឌ្ឍន៍អចលនទ្រព្យភាគច្រើន បានលើកឡើងពីដំណើរវិវត្តន៍នៃទីផ្សារអចលនវត្ថុ នៅដើមឆ្នាំ២០២៥នេះ ខណៈផ្នែកមួយចំនួននៃវិស័យនេះ កំពុងមានភាពប្រសើរឡើង។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង និងជាអ្នកជំនាញអចនទ្រព្យ ជើងចាស់មួយរូបបានលើកឡើងថា ទីផ្សារកំពុងបង្ហាញសញ្ញាកំរើកឡើងវិញ ប៉ុន្តែវាមិនមានអ្វីគួរឲ្យកត់សំគាល់ជាដុំកំភួនទេ តែនេះជាពេលវេលាដែលល្អ សម្រាប់អ្នកស្វែងរកផ្ទះស្នាក់នៅ ដោយសារម្ចាស់បុរីភាគច្រើន បានសាងសង់ផ្ទះសល់ ហេតុនេះអតិថិជនមានឱកាសចចារច្រើន។
-->

លោកឧកញ៉ាបណ្ឌិតបានបន្តថា “ក្នុងស្ថានភាពនេះ អ្នកមានប្រាក់ក្នុងដៃ ពួកគេស្ទើរជាអធិរាជនៅក្នុងវិស័យនេះ ព្រោះពួកគេមានអចលនទ្រព្យជ្រើសរើសច្រើន និងតម្លៃល្អ”។
ជាមួយគ្នានេះ អ្នកឧកញ៉ាសំ សុខនឿនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាន និងដីធ្លីផ្នែកឧស្សាហកម្ម នៅតាមខេត្តមួយចំនួនដូចជាខេត្តកំពង់ស្ពឺ និងខេត្តកណ្តាលមានតម្រូវការច្រើន ព្រោះមានការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅតំបន់នោះច្រើន។

អ្នកឧកញ៉ាបន្តថា “ទីផ្សារលំនៅដ្ឋានបានកើនឡើងវិញ ដោយប្រសាសន៍លើកឡើង ដោយសម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា”។លោកបញ្ជាក់ថា “ទីផ្សារងើបឡើងយឺតៗ តែជាតម្រូវការពិតប្រាកដ វាជាសញ្ញារឹងមាំនៃទីផ្សារ តែត្រូវការរយៈពេលបន្ថែមទៀត ដើម្បីឲ្យទីផ្សារនេះមានភាពប្រសើរឡើងវិញ”។
អ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏លេចធ្លោមួយរូប គឺអ្នកឧកញ៉ាសៀ រិទ្ឋី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនWorld Bridge Groupបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុន ដោយលោកលើកឡើងថា ទីផ្សារអចលនទ្រព្យកម្ពុជា នឹងងើបឡើងវិញនៅឆ្នាំ២០២៦ ដោយសារកត្តាសំខាន់ៗចំនួន២។

លោកបន្តដោយព្រមានថា “ទោះជាយ៉ាងណា ទីផ្សារអចលនទ្រព្យកម្ពុជា នឹងមិនរីកចម្រើនដូចមុនវិបត្តិកូវីដ១៩ទេ កុំសង្ឃឹម”។
ជាដំណឹងរីករាយផងដែរ អ្នកឧកញ៉ាលាង ម៉េង អគ្គនាយកក្រុមហ៊ុនជីប ម៉ុងគ្រុបដែលជាក្រុមហ៊ុនរីចម្រើនយ៉ាងលឿន និងផ្តោតលើការអភិវឌ្ឍបែបពហុវិស័យរួមមាន បុរី ខុនដូ ធនាគារ ទីផ្សារលក់រាយជាដើម បានមានប្រសាសន៍ឲ្យដឹងផងដែរថា ធនាគារជីប ម៉ុងកំពុងបើកទ្វារយ៉ាងធំស្វាគមន៍ ដល់អ្នកអភិវឌ្ឍន៍បុរី ដែលត្រូវការទុនពង្រីកអាជីវកម្មរបស់ខ្លួន។
អ្នកឧកញ៉ាបានបញ្ជាក់ថា “ធនាគារនឹងផ្តល់នូវលក្ខខ័ណ្ឌឥណទានងាយស្រួល និងមានភាពបត់បែនច្រើន ដើម្បីជួយជម្រុញនិងគាំទ្រដល់អ្នកអភិវឌ្ឍន៍”៕
