តើ​លំហូរ​ភ្ញៀវ​ទេសចរ​ណ៍អន្តរជាតិ​រាប់លាននាក់ចូលទៅកាន់ទីក្រុងប៉ាតាយ៉ា​ អាច​ជំរុញ​កំណើនសេដ្ឋកិច្ច​ថៃដែរឬ​ទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងប៉ាតាយ៉ាជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ប្រទេសថៃ ខណៈទីក្រុងនេះពឹងផ្អែកយ៉ាងខ្លាំងលើវិស័យទេសចរណ៍ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Pattaya Mail។

ទីក្រុងប៉ាតាយ៉ាបានទាក់ទាញភ្ញៀវទេសចរណ៍រាប់លាននាក់ជារៀងរាល់ឆ្នាំ ដោយសារការកំសាន្តនាពេលរាត្រីយ៉ាងរស់រវើក ឆ្នេរសមុទ្រដ៏ស្រស់ស្អាត និងភាពទាក់ទាញផ្នែកវប្បធម៌។

ប៉ុន្តែ​ សំណួរ​នៅ​តែ​ត្រូវបានចោទសួរថា តើ​អំណាច​នៃការចំណាយ​របស់​​ភ្ញៀវទេសចរណ៍រាប់លាននាក់ទាំង​នេះ​គ្រប់គ្រាន់​ ដើម្បី​ជំរុញ​សេដ្ឋកិច្ច​របស់​ប្រទេសថៃឱ្យរីកចម្រើនលូតលាស់ទៅ​មុខ​ដែរឬ​ទេ?។

ភ្ញៀវទេសចរណ៍នៅទីក្រុងប៉ាតាយ៉ាចំណាយប្រាក់លើផ្នែកផ្សេងៗ ដូចជាកន្លែងស្នាក់នៅ អាហារ និងភេសជ្ជៈ ការកម្សាន្ត ការដឹកជញ្ជូន ការទិញទំនិញ និងសកម្មភាពកម្សាន្ត។ការចំណាយទាំងនេះបានជួយទ្រទ្រង់បណ្តាអាជីវកម្មក្នុងស្រុក និងបង្កើតការងារនៅក្នុងផ្នែកបដិសណ្ឋារកិច្ច សេវាកម្ម និងផ្នែកលក់រាយ។

លំហូរភ្ញៀវទេសចរណ៍អន្តរជាតិបានផ្តល់នូវការជំរុញសន្ទុះយ៉ាងខ្លាំងក្លាដល់ដំណើរការសេដ្ឋកិច្ចរបស់ទីក្រុងប៉ាតាយ៉ា។ប៉ុន្តែ គេក៏បានសង្កេតឃើញមានឧបសគ្គជាច្រើនផងដែរ ដែលបង្កការរាំងស្ទះទៅដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ចថៃ។

ការប្រមូលផ្តុំច្រើននៃភ្ញៀវទេសចរណ៍បរទេសនៅតាមតំបន់ឆ្នេរ ផ្លូវដើរថ្មើរជើង និងរមណីយដ្ឋានធំៗបានក្លាយទៅជាកង្វល់ដ៏ចម្បងមួយ។ការណ៍នេះបង្កើតបាននូវប្រាក់ចំណូលខ្ពស់ក្នុងរយៈពេលខ្លី និងជះឥទ្ធិពលវិជ្ជមានតិចតួចទៅកាន់តំបន់ផ្សេងទៀតក្នុងទីក្រុងប៉ាតាយ៉ា។

លើសពីនេះ អ្នកទស្សនាភាគច្រើនមានទំនោរចំណាយតែលើតម្រូវការជាមូលដ្ឋានដូចជា ការទទួលទានអាហារ និងការស្នាក់នៅ ជាជាងលើការវិនិយោគរយៈពេលវែង ឬផលិតផល និងសេវាកម្មដែលមានតម្លៃខ្ពស់ជាងនេះ។

សេដ្ឋកិច្ចរបស់ទីក្រុងប៉ាតាយ៉ាក៏ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីទីផ្សារទេសចរណ៍ពិភពលោកផងដែរ ដែលធ្វើឱ្យទីក្រុងនេះងាយរងគ្រោះទៅនឹងការប្រែប្រួលនៃចំនួនភ្ញៀវទេសចរណ៍ ដោយសារកត្តានានាដូចជា អស្ថិរភាពភូមិសាស្ត្រនយោបាយ លក្ខខណ្ឌសេដ្ឋកិច្ចពិភពលោកមិនអំណោយផល ឬវិបត្តិសុខភាពជាដើម។

ជាពិសេស នៅពេលដែលចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមានការថមថយចុះ ការណ៍នេះនឹងបង្កជាផលប៉ះពាល់ដោយផ្ទាល់ទៅលើបណ្តាអាជីវកម្ម ដែលពឹងផ្អែកលើលំហូរភ្ញៀវទេសចរណ៍។

ទោះបីជាប្រឈមមុខនឹងបញ្ហាទាំងអស់នេះយ៉ាងណាក្តី ទីក្រុងប៉ាតាយ៉ានៅតែបន្តខិតខំព្យាយាមសម្របខ្លួន ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍របស់ខ្លួន ដូចជាការអភិវឌ្ឍន៍ទេសចរណ៍បែបធម្មជាតិ បទពិសោធន៍វប្បធម៌ និងការទាក់ទាញភ្ញៀវទេសចរណ៍ជាលក្ខណៈគ្រួសារ។

ជាមួយគ្នានោះ ការបង្កើតគំនិតផ្តួចផ្តើមថ្មីៗនានាក្នុងការជំរុញភាពប្រណីត និងទាក់ទាញភ្ញៀវទេសចរណ៍លំដាប់អ្នកមានមានគោលបំណងជំរុញឱ្យការចំណាយរបស់ភ្ញៀវទេសចរណ៍កើនឡើង ដែលអាចនាំឱ្យសេដ្ឋកិច្ចទទួលបានផលចំណេញ។

ជារួម អំណាចនៃការចំណាយរបស់ភ្ញៀវទេសចរណ៍ ដែលមកលេងកំសាន្តនៅទីក្រុងប៉ាតាយ៉ាបានដើរតួនាទីយ៉ាងសំខាន់ក្នុងទិដ្ឋភាពសេដ្ឋកិច្ចរបស់ប្រទេសថៃ។

ចំណែកឯ ការសម្រេចបាននិរន្តរភាព និងកំណើនអាស្រ័យលើការធ្វើពិពិធកម្ម ភាពធន់នឹងការប្រែប្រួលលើពិភពលោក និងយុទ្ធសាស្រ្តរយៈពេលវែងដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងទីផ្សារទេសចរណ៍ថ្មី៕ប្រភព: Pattaya Mail៕

LEAVE A REPLY

Please enter your comment!
Please enter your name here