សម្តេចធិបតីៈ ប ស ស មានអត្ថប្រយោជន៍ដល់កម្មករពេលមានជំងឺនិងពេលមានគ្រោះថ្នាក់ការងារ

0

ដោយៈ គង់ ម៉ាណា

    ភ្នំពេញៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥នេះ បានថ្លែងថា បណ្ណបេឡាជាតិរបបសន្ដិសុខសង្គម (ប.ស.ស) មានអត្ថប្រយោជន៍ច្រើនដល់បងប្អូនកម្មករ ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់អ្វីក៏ដោយ គឺប.ស.ស ជាអ្នករ៉ាប់រងទាំងអស់។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ទារកដ្ឋានរោងចក្រកាត់ដេរម៉ាវ៉ល ស្ថិតនៅតំបន់សេដ្ឋ​កិច្ច​ពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ក្រោយមានការផ្ដល់ប្រព័ន្ធគាំពារសង្គម ប្រជាពលរដ្ឋក្ដី​កម្មករក្ដី​ បានទទួលអត្ថប្រយោជន៍ជាច្រើន ទាំងពេលមានជំងឺ និងមានគ្រោះថ្នាក់ ជាពិសេសកាត់បន្ថយការចំណាយច្រើន ទៅលើការចំណាយតូចៗដូចជា ការពិគ្រោះជម្ងឺផ្សេងៗ ការពិនិត្យ ការផ្ដល់ថ្នាំសម្រាប់ព្យាបាលជាដើម។

សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានបន្តថា ក្រៅពី ប.ស.ស ក្រុមហ៊ុនឯកជនក៏បានរួមចំណែក ក្នុងការសម្រាលការងារ និងថ្លៃចំណាយទៅដល់កម្មករនិយោជិក តាមរយៈការផ្ដល់ទារកដ្ឋាន នៅក្នុងរោងចក្រ ដែលអាចជួយឲ្យម្ដាយ និងកុមារមានភាពជិតស្និទ្ធ និងមិនត្រូវចំណា​យថវិកាទៅលើការជួលអ្នកថែទាំខាងក្រៅ។

ជាមួយគ្នានេះ សម្ដេចបានបន្តថា ដោយមានការ៉ាប់រងពី ប.ស.ស ប្រជាពលរដ្ឋអាចកាត់បន្ថយការចំណាយ និងសន្សំប្រាក់ តាមរយៈការផ្ដល់ប្រព័ន្ធគាំពារសង្គម ដោយមិនគិតថ្លៃពី ប.ស.ស ផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា គោលដៅរបស់រាជរដ្ឋាភិបាល នឹងបង្កើនទារកដ្ឋានបន្ថែមទៀត នៅតាមរោងចក្រសហគ្រាសឲ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីជួយសម្រួលបន្ទុកដល់កម្មកររោងចក្រ ជាពិសេសកម្មការិនី ដែលមានបន្ទុកត្រូវធ្វើការផង និងមើលថែទាំកូនផង។

គិតត្រឹមដំណាច់ឆ្នាំ២០២៤ ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ និងសមាជិក ប.ស.ស. មានចំនួនសរុបប្រមាណ១,១លាននាក់ កំពុងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលគោលការណ៍នេះបង្ហាញថា វិសាលភាពនៃការគ្របដណ្តប់ របស់ប្រព័ន្ធគាំពារសង្គមនៅកម្ពុជា មានការកើនឡើងមួយកម្រិតទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here