សម្តេចធិបតីស្នើឲ្យក្រសួងស្ថាប័នពាក់ព័ន្ឋអភិរ័ក្ស និងអភិវឌ្ឍន៍តំបន់ឧទ្យានខ្នងផ្សារជាផលិតផលទេសចរណ៍កាន់តែទាក់ទាញ

0

ដោយៈ គង់ សូរិយា

    កំពង់ស្ពឺៈ សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំឲ្យក្រសួងបរិស្ថាន ជាមួយស្ថាប័នពាក់ព័ន្ធ ធ្វើការអភិរក្ស និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញ។

សម្តេចនាយករដ្ឋមន្រ្តីបានឱ្យដឹងនៅថ្ងៃចន្ទ ទី១០ ខែមីនានេះថា មុននឹងចាកចេញ ពីតំបន់ទេសចរណ៍ខ្នងផ្សារ កាលពីថ្ងៃសៅរ៍ ទី៨ មីនានេះ សម្តេចបានជួបជជែកលេងជាមួយប្អូនប្រុស ដែលជាប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ និងអនុប្រធានរបស់គាត់ ដើម្បីស្តាប់ពីស្ថានភាពជីវភាព របស់ប្រជាជននៅក្នុងសហគមន៍ ក៏ដូចជាសំណូមពរជាក់ស្តែង ដើម្បីជួយដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍។

សម្តេចបានបន្តថា “ក្រោយពីពិនិត្យនូវទិដ្ឋភាពជាក់ស្តែង និងស្តាប់តំណាងសហគមន៍ ខ្ញុំបានសម្រេច ប្រគល់ភារកិច្ចជូនឯករដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោកអភិបាលនៃអភិបាលខេត្តកំពង់ស្ពឺ សហការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈ និងសហគមន៍នៅតំបន់នេះ”។

បន្ថែមពីនោះ ប្រមុខរដ្ឋាភិបាល ក៏បានណែនាំឱ្យក្រសួង និងខេត្តកំពង់ស្ពឺធ្វើការសិក្សា រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ  កន្លែងសង្គ្រោះបន្ទាន់ ។ល។ ទៅតាមស្តង់ដារ និងទុកជាប្រយោជន៍ជូនសហគមន៍ ដើម្បីធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវាជូនទេសចរណ៍ ដែលមកកម្សាន្តនៅទីនោះ។

ក្រៅពីនោះ ស្ថាប័នទាំង២ ក៏ត្រូវសិក្សាធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្គត់ផ្គង់ទឹក នៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជា សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន លោកខ្វៃ អាទិត្យាបានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត កំពុងតែរៀបចំផែនការ ក្រោយពីមានការប្រគល់ភារកិច្ច ពីប្រមុខរដ្ឋាភិបាលមកភ្លាម។

លោកមានប្រសាសន៍ថា “ថ្ងៃនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានពិនិត្យទៅលើការងារនេះ។ លោករដ្ឋមន្រ្តីបានគិតគូរ ហើយបានរៀបចំភ្លាម ពីសកម្មភាព ផែនការ តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល”។លោកបន្តថា “ថ្ងៃនេះលោករដ្ឋមន្រ្តី មានជំនួបជាមួយនឹងក្រុមកាងាររៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជាទឹក និងអគ្គិសនី”។

សម្តេចនាយករដ្ឋមន្រ្តីហ៊ុន ម៉ាណែត ក៏បានសម្រេចប្រគល់ភារកិច្ចជូន ក្រសួងទេសចរណ៍ សហការណ៍ ជាមួយនឹងក្រសួងបរិស្ថាន គណៈអភិបាលខេត្ត ប្រតិបត្តិករទេសចរណ៍ និងសហគមន៍ផងដែរ ដើម្បីជំរុញទេសចរណ៍ធម្មជាតិនៅតំបន់នោះ ឱ្យកាន់តែប្រសើរឡើង ក៏ដូចជា ការជួយបង្កើនសមត្ថភាពរបស់សហគមន៍ ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។ ទាំងនេះនឹងអាចចូលរួមចំណែក ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នោះ។

លោកខ្វៃ អាទិត្យាក៏បាន្យដឹងផងដែរថា កាងារជាបន្តបន្ទាប់ទៀត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធនឹងជួបពិភាក្សាគ្នា ថាតើត្រូវរៀបចំកម្មវិធីធ្វើអ្វីខ្លះ និងត្រូវចាប់ផ្តើមធ្វើអ្វីជាអាទិភាពមុនគេ។

ខ្នងផ្សារ ដែលជាទីតាំងប្រសព្វ​ រវាងខេត្តកោះកុង កំពង់ស្ពឺ និង​ខេត្ដ​ពោធិ៍សាត់ ត្រូវបានចាត់ទុកថាជា “ឋានសួគ៌ធម្មជាតិ” ។ តំបន់នេះ បានកំពុងតែទាក់ទាញទាំងអ្នកទេសចរជាតិ និងអន្តរជាតិ ទៅកម្សាន្ត ជាលក្ខណៈផ្សងព្រេង ជាមួយនឹងភាពសម្បូរទៅដោយព្រៃឈើក្រាស់ ជ្រលង់ភ្នំខ្ពស់ៗ វាលស្មៅដ៏ស្រស់ស្អាត។ លើសពីនោះ វាសម្បូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here