ក្រុមហ៊ុនឯកជនខ្នាតយក្សវៀតណាម Vingroup គ្រោងសាងសង់តំបន់ទីក្រុងតម្លៃ៩ពាន់លានដុល្លារនៅទីក្រុងហូជីមិញ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនឯកជនដ៏ធំបំផុតរបស់ប្រទេសវៀតណាម Vingroup បានស្នើសុំការអនុញ្ញាតពីអាជ្ញាធរទីក្រុងហូជីមិញ ដើម្បីសាងសង់គម្រោងអភិវឌ្ឍន៍ទីក្រុង“Can Gio Sea Reclamation”នៅខែមេសាខាងមុខ។

គម្រោងនេះមានទីតាំងនៅសង្កាត់ Can Gio នៃទីក្រុងហូជីមិញ ដោយគ្របដណ្តប់លើផ្ទៃដីទំហំ២.៨៧០ហិកតា និងគ្រោងចំណាយទុនវិនិយោគជិត៩ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម Vnexpress។

សង្កាត់ Can Gio ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីតំបន់កណ្តាលទីក្រុងហូជីមិញ ជាសង្កាត់ជាប់ឆ្នេរសមុទ្រតែមួយគត់នៅក្នុងទីក្រុងហូជីមិញ។

សង្កាត់នេះនឹងត្រូវបានអភិវឌ្ឍន៍ទៅជាតំបន់ទេសចរណ៍ឆ្នេរសមុទ្រ រមណីយដ្ឋាន ទីក្រុងឆ្លាតវៃ សេវាកម្មបច្ចេកវិទ្យាជាន់ខ្ពស់ និងជាតំបន់លំនៅដ្ឋាន និងសណ្ឋាគារ ដោយដាក់ឈ្មោះថាជាគម្រោងអភិវឌ្ឍន៍ទីក្រុង“Can Gio Sea Reclamation”។

នៅពេលសាងសង់បញ្ចប់រួចរាល់នៅឆ្នាំ២០៣០ខាងមុខ គម្រោងទីក្រុងថ្មីនេះត្រូវបានគេរំពឹងថា នឹងមានអ្នករស់នៅចំនួន២៣០.០០០នាក់ និងទាក់ទាញភ្ញៀវទេសចរណ៍ចំនួន៩លាននាក់ជារៀងរាល់ឆ្នាំ។

រដ្ឋាភិបាលវៀតណាមគ្រោងប្រែក្លាយសង្កាត់ Can Gio ទៅជាទីក្រុងអេកូឡូស៊ី តាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមផ្លូវសមុទ្ររបស់ខ្លួន ជាពិសេសការសាងសង់កំពង់ផែដឹកជញ្ជូន និងតំបន់ពាណិជ្ជកម្មសេរី ព្រមទាំងការជំរុញវិស័យទេសចរណ៍បែបធម្មជាតិ និងថាមពលកកើតឡើងវិញ។

តួយ៉ាង ទីក្រុងហូជីមិញគ្រោងនឹងសាងសង់កំពង់ផែដឹកជញ្ជូនអន្តរជាតិ Can Gio ក្រោមទំហំទុនវិនិយោគប្រហែល៦ពាន់លានដុល្លារអាមេរិក៕ប្រភព: Vnexpess៕

LEAVE A REPLY

Please enter your comment!
Please enter your name here