ដោយ: គង់ លាងហួរ
អន្តរជាតិ: កាសែត Bloomberg បានចុះផ្សាយថា តម្រូវការជួលការិយាល័យនៅសង្កាត់ Manhattan ដ៏ល្បីល្បាញនៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកមានស្ថានភាពយ៉ាងល្អប្រសើរបំផុតនៅចន្លោះពីខែមករារហូតដល់ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា នៅក្នុងរយៈពេល២ខែដំបូងដើមឆ្នាំនេះ ការជួលការិយាល័យសរុបនៅសង្កាត់ Manhattan មានទំហំផ្ទៃក្រឡាចំនួន៥,១៣លានហ្វីតការ៉េ (ប្រហែល៤៧៦.៦០០ម៉ែត្រការ៉េ)។ នេះជាចំនួនច្រើនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤មក។
ការកើនឡើងនៃការជួលនេះបានជួយកាត់បន្ថយអត្រាការិយាល័យទំនេរនៅក្នុងទីក្រុងញូវយ៉កមកនៅត្រឹមចំនួន១៨,៤ភាគរយក្នុងខែកុម្ភៈ ឆ្នាំ២០២៥។ ចំនួននេះមានការធ្លាក់ចុះ០,១ភាគរយបើប្រៀបធៀបនឹងខែមករា។
-->
ទិន្នន័យវិជ្ជមានទាំងនេះបាននិងកំពុងផ្តល់សន្ទុះថ្មីមួយក្នុងការជំរុញឱ្យទីផ្សារអចលនទ្រព្យការិយាល័យនៅទីក្រុងញូវយ៉កស្ទុះងើបឡើងវិញ បន្ទាប់ពីបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារជំងឺរាតត្បាត។
សុទិដ្ឋិនិយមបានកើតមានឡើង ខណៈបណ្តាក្រុមហ៊ុនធំៗនៅទីក្រុងញូវយ៉ក ដូចជា ធនាគារ JPMorgan Chase និងក្រុមហ៊ុន Major League Baseball បានជំរុញឱ្យបុគ្គលិករបស់ខ្លួនត្រឡប់មកបំពេញការងារនៅការិយាល័យវិញ ចំនួន៥ថ្ងៃក្នុងមួយសប្តាហ៍។បណ្តាក្រុមហ៊ុនទាំង២នេះក៏កំពុងស្វែងរកជួលបន្ទប់ការិយាល័យបន្ថែមផងដែរ។
យោងតាមការស្ទង់មតិរបស់ស្ថាប័ន Bloomberg Intelligence បានបង្ហាញឱ្យដឹងថា ចំនួនប្រមាណ៤១ភាគរយនៃនិយោជកនៅក្នុងទីក្រុងញូវយ៉កកំពុងរៀបចំផែនការក្នុងការពង្រីកការិយាល័យរបស់ពួកគេ៕ប្រភព: Bloomberg៕
