ក្រុមហ៊ុនមួយស្នើសុំវិនិយោគរោងចក្រផលិតគ្រឿងសង្ហារឹម នៅខេត្តព្រះសីហនុ

0

ដោយៈ និស្ស័យ

    ព្រះសីហនុៈ អនុគណៈកម្មាធិការ​វិនិយោគ ខេត្តព្រះសីហនុ ដឹក​នាំដោយលោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមន្រ្តីជំនា​ញបានចុះពិនិត្យទីតាំង ស្នើសុំបង្កើតរោងចក្រផលិតគ្រឿងសង្ហារិមនៅក្រុងកំពង់សោម។

ទីតាំងនេះ ស្ថិតនៅសង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកអភិបាលរង បានធ្វើការណែនាំដល់អ្នកវិនិយោគឱ្យសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីបំពេញលក្ខខណ្ឌនានាដែលច្បាប់បានកំណត់ និងបានពិនិត្យលទ្ធភាព ជួយសម្របសម្រួលនីតិវិធីមួយចំនួន ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ច របស់អនុគណៈកម្មាធិការវិនិយោគខេត្ត ដើម្បីកាត់បន្ថយរយៈពេលរង់ចាំច្បាប់ អនុញ្ញាតរបស់ក្រុមហ៊ុន។

ជាមួយគ្នានេះ លោកអភិបាលរងក៏បានស្នើដល់ វិនិយោគិនត្រូវអនុវត្តន៍ តាមការណែនាំរបស់មន្ទីរអង្គភាពជំនាញ និងគោរពច្បាប់ គត្តិយុត្តនានារបស់កម្ពុជា និងត្រូវធ្វើយ៉ាងណាផ្តល់អាទិភាពការងារដល់ប្រជាពលរដ្ឋមូលដ្ឋាន។

តាមរបាយការណ៍របស់ម្ចាស់សំណើ បានឱ្យដឹងថា​រោងចក្រផលិតគ្រឿងសង្ហាររឹម នឹងមានតម្រូវការកម្លាំងពលកម្មប្រមាណ៨០ នាក់ និងមានទិសដៅផលិត និងផ្គត់ផ្គង់តម្រូវការក្រៅប្រទេសផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកអភិបាលរងបានចុះពិនិត្យដំណើររោងចក្រផលិតអឹកថ្នាំគូសគំនូរ និងរោងចក្រផលិតស៊ុមរូបថត ដែលទទួលបានការផ្តល់ការលើកទឹកចិត្ត ពីអនុគណៈកម្មាធិការវិនិយោគខេត្ត ក្នុងយន្តការតាមដានថែទាំសម្របសម្រួល ជូនអ្នកវិនិយោគ ដើម្បីស្តាប់ និងប្រមូលធាតុចូលពីវិនិយោគិនផ្ទាល់ អំពីបញ្ហាប្រឈម និងសំណូមពរនានាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here