វិនិយោគិនចិនមកពីក្រុមហ៊ុនចំនួន១៩ពិចារណាធ្វើធុរកិច្ចនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងសហការីបានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រ​តិភូវិនិយោគចិនចំនួន១៩ក្រុមហ៊ុន ដឹកនាំដោយលោក Liu Yong (លាវ យ៉ុង) ប្រធានសមាគមអ្នកវិនិយោគវ័យក្មេង នៅខេត្តអ៊ីនណាន ទីក្រុងឃុនមីង ដើម្បីសិក្សាពីឱកាស និងកាលានុវត្តន៍ភាពវិនិយោគនៅកម្ពុជា។

ជំនួបនេះ មានការសម្របសម្រួលពីអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា។

ក្រុមហ៊ុនទាំង១៩នេះ មានសកម្មភាពវិនិយោគក្នុងវិស័យកសិកម្មសុខាភិបាល សំណង់និងអចលនទ្រព្យ បច្ចេកវិទ្យា ថាមពល បោះពុម្ពនិងវេចខ្ចប់ ម្ហូបអាហារ សណ្ឋាគារ និងបដិសណ្ឋារកិច្ច ការគ្រប់គ្រងធុរកិច្ច ការផ្តល់សេវាប្រឹក្សាផ្នែកច្បាប់ លក់និងសេវាថែទាំរថយន្ត និងការបណ្តុះបណ្តាលវិជ្ជាជីវៈ។

សមាគមអ្នកវិនិយោគវ័យក្មេង នៅខេត្តអ៊ីនណាន មានសមាជិកសរុបចំនួនប្រមាណ១.៥០០សហគ្រាស ដែលមានមុខសញ្ញាអាជីវកម្មក្នុងវិស័យផ្សេងៗពីគ្នា ហើយសហគ្រាសទាំងនោះ កំពុងមានបំណងពង្រីកការវិនិយោគរបស់ខ្លួននៅក្រៅប្រទេស ជាពិសេសនៅកម្ពុជា។

ក្នុងជំនួបនោះ លោកជា វុទ្ឋីបានលើកទ្បើងពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងយូរអង្វែងរវាងកម្ពុជា និងចិនដោយរដ្ឋាភិបាលចិនតែងតែជួយឧបត្ថម្ភគាំទ្រ ដល់ការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។ រីឯក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ ក្នុងការជំរុញការវិនិយោគ កន្លងមកថ្មីៗនេះ កម្ពុជា និងចិន បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយចំនួន ដូចជា “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” “ច្រករបៀងមច្ឆា និងអង្ករ” និង “ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឌីជីថល” ជាដើម។

លោកអគ្គលេខាធិការក៏បានគូសបញ្ជាក់ ពីស្ថានភាពវិនិយោគនៅកម្ពុជាដែលមានកំណើន ពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសប្រភពទុនវិនិយោគមកពីប្រទេសចិន បានឈរនៅលំដាប់លេខរៀងទីមួយ ឬទី២ជាបន្តបន្ទាប់ក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ។

ជាក់ស្តែងនៅក្នុងឆ្នាំ២០២៤ ការវិនិយោគមកពីប្រទេសចិនបានរួមចំណែកដល់ទៅប្រមាណ៥០% នៃទុនវិនិយោគសរុប។ ទន្ទឹមនឹងនេះ លោកបានធ្វើការកត់សម្គាល់ឃើញថា មានក្រុមហ៊ុនចិនធំៗជាច្រើន បានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា នៅក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការវិនិយោគក្នុងកន្សោមឧស្សាហកម្មថ្មីៗ ដូចជាការផលិតសំបកកង់រថយន្ត ការផ្គុំដំទ្បើងបរិក្ខារអេទ្បិចត្រូនិក  ការកែច្នៃជ័រកៅស៊ូ…។ល។

មួយវិញទៀត លោកជា វុទ្ឋីបានជម្រាបជូនអំពីការគាំទ្រ និងការលើកទឹកចិត្តនានារបស់រាជរដ្ឋាភិបាល លើគម្រោងវិនិយោគក្នុងវិស័យស្វាយចន្ទីនៅកម្ពុជា ជាពិសេសគំនិតផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្កើតសួនឧស្សាហកម្មស្វាយចន្ទី ដែលនឹងជួយបង្កើនភាពអំណោយផលនៃបរិយាកាសធុរកិច្ច ក្នុងវិស័យអាទិភាពនេះនៅកម្ពុជា។

លោកអគ្គលេខាធិការក៏បានបង្ហាញជូន ពីខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីដែលរាប់ចាប់តាំងពីផ្នែកខាងលើ (upstream) ជាពិសេស ពាក់ព័ន្ធនឹងការប្រមូលទិញ ទីលានសម្ងួត និងឃ្លាំងស្តុកទុកគ្រាប់ស្វាយចន្ទី។

ក្នុងន័យនេះ លោកអគ្គលេខាធិការបានស្នើឱ្យគណៈប្រតិភូមេត្តាពិនិត្យលទ្ធភាពចូលរួមវិនិយោគ ក្នុងផ្នែកណាមួយនៃខ្សែច្រវាក់តម្លៃនៃឧស្សាហកម្មស្វាយចន្ទីនៅកម្ពុជា ឬក៏ពិចារណាបណ្តាក់ទុនវិនិយោគក្នុងវិស័យកផ្សេងទៀត ដូចជាការកែច្នៃកសិផល ពិសេស ស្រូវ និងការកែច្នៃជ័រកៅស៊ូសម្រាប់ផ្គត់ផ្គង់ដល់ឧស្សាហកម្មក្នុងស្រុក។

ជាការឆ្លើយតប លោក Liu Yong បានបង្ហាញចំណាប់អារម្មណ៍ក្នុងការសិក្សា និងស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ដែលមានស្រាប់ដើម្បីធ្វើការនាំចេញ។

លោកបានមានប្រសាសន៍ថា នាពេលកន្លងមក លោកបានធ្វើការស្វែងរកអ្នកផ្គត់ផ្គង់ស្វាយចន្ទី ប៉ុន្តែលោកមិនស្គាល់ពីប្រភព និងបណ្តាញច្បាស់លាស់ ហើយឆ្លៀតក្នុងឱកាសនេះ និងតាមរយៈជំនួបលើកនេះ លោកសង្ឃឹមថាឯកឧត្តមអគ្គលេខាធិការ នឹងចង្អុលបង្ហាញពីប្រភពច្បាស់លាស់ ដើម្បីបង្កើននូវទំនុកចិត្តរបស់លោកបន្ថែមទៀត។

បន្ថែមពីនេះ គណៈប្រតិភូដទៃទៀត ក៏បានធ្វើការណែនាំពីសាវ​តាររបស់ក្រុមហ៊ុននីមួយៗ និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះការមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាជាខ្លាំង។

LEAVE A REPLY

Please enter your comment!
Please enter your name here