ដោយៈ គង់ សូរិយា
ភ្នំពេញៈ រយៈពេល២ខែដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគំរោងចំនួន១១២គម្រោង និងមានទុនវិនិយោគសរុបប្រមាណ១ពាន់លានដុល្លារ។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១១ ខែមីនា បានឱ្យដឹងថា ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤ ដែលមានទុនវិនិយោគសរុប ៣២១លានដុល្លារ និងអាចបង្កើតការងារបាន២៥ពាន់កន្លែង។
-->
ក្នុងចំណោមគំរោងទាំងនោះ គម្រោងវិនិយោគ ដែលស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន២១គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេស២៣គម្រោង។
ជារួមក្នុងខែកុម្ភៈ ឆ្នាំ២០២៥ ការអនុម័តគម្រោងវិនិយោគ បានកើនឡើងចំនួន៧គម្រោង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៤។
ចំនួនគម្រោងវិនិយោគរយៈពេល២ខែដើមឆ្នាំនេះ មានការកើនឡើង៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤។
យោងតាមCDCគម្រោងធំៗ ដែលបានអនុម័តក្នុងខែកុម្ភៈ មានដូចជា គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ៍ ផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគ ៣៣លានដុល្លារ គម្រោងវិនិយោគបង្កើតរោងចក្រ កែច្នៃលោហធាតុ ក្នុងស្រុកជុំគិរី ខេត្តកំពត មានទុនវិនិយោគ ៣១លានដុល្លារ គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ ចាក់សម្លៀកបំពាក់ និងជ្រលក់ពណ៌ នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទុនវិនិយោគ១៨លានដុល្លារ។ គម្រោងវិនិយោគ បង្កើតរោងចក្រផលិតឧបករណ៍ និងសម្ភារប្រើប្រាស់ធ្វើពីលោហៈ និងប្លាស្ទិក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង មានទុន២២លានដុល្លារ និងគម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម នៅតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គា(ខេត្តស្វាយរៀង) មានទុនវិនិយោគ១៦,៨លានដុល្លារ ជាដើម។
ក្នុងចំណោមគម្រោងដែលCDC អនុម័តក្នុងខែកុម្ភៈ គឺមានប្រភពទុនមកពីវិនិយោគិនចិនចំនួន ៨៦,៧៥ភាគរយ, សិង្ហបុរី ១១,៩៧ភាគរយ, អូស្រ្តាលី០,៨ភាគរយ និងអង់គ្លេស ០,៤៨ភាគរយ។
ភាគច្រើននៃគម្រោងទាំង៤៤ ស្ថិតក្នុងខេត្តស្វាយរៀង កំពង់ស្ពឺ កោះកុង រាជធានីភ្នំពេញ តាកែវ ព្រះសីហនុ និងខេត្តកំពង់ឆ្នាំង។
ក្នុងចំណោមទុនវិនិយោគទាំង៣២១លានដុល្លារ គឺក្នុងវិស័យឧស្សាហកម្ម មានចំនួន២៨៨លានដុល្លារ ក្រៅពីនោះក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗ។
កាលពីឆ្នាំ ២០២៤ បានអនុម័តឱ្យគម្រោងវិនិយោគចំនួន៤១៤ គម្រោង កើនឡើង៥៤ភាគរយ(១៤៦ គម្រោង) បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន២៦៨គម្រោង។
ទុនវិនិយោគសរុបរបស់គម្រោងទាំង៤១៤ គឺប្រមាណ៦,៩ ពាន់លានដុល្លារ កើនឡើង៤០ភាគរយ ពីចំនួន៤,៩២ពាន់លានដុល្លារ៕
