អភិបាលខេត្តព្រះសីហនុប្រាប់ប្រជាពលរដ្ឋឲ្យបញ្ជូនកូនទៅរៀន ឲ្យមានចំណេះ ជំនាញ នឹងទទួលបានប្រាក់ខែច្រើន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោកម៉ាង ស៊ីណេតបានប្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបញ្ជូនកូនទៅសាលារៀន ដើម្បីបានទទួលចំណេះដឹង ជំនាញ និងទទួលបានប្រាក់ខែច្រើន។

លោកបានថ្លែងបែបនេះ ក្នុងពេលដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ ប្រើប្រាស់អភិវឌ្ឍន៍ថវិកាខេត្តឆ្នាំ២០២៤ និងសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវដែលទើបសាងសង់ថ្មី ស្ថិតនៅសង្កាត់រាម សង្កាត់ បឹងតាព្រហ្ម និងសង្កាត់អូរជ្រៅ ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ លោកម៉ាង ស៊ីណេត ​បានធ្វើការសំណេះ​សំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅឋាននៅអមសងខាងផ្លូវបេតុងទាំង៣ខ្សែខាងលើ ប្រកបដោយភាពស្និតស្នាលរវាងថ្នាក់ដឹកនាំខេត្ត ក្រុង អាជ្ញាធរសង្កាត់ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន និងបានសំណូមពរបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសាងខាងផ្លូវបេតុងសូមជួយថែរក្សា ការពារខ្សែផ្លូវក្នុងភូមិរបស់យើងឱ្យបានល្អ ព្រោះខ្សែផ្លូវបេតុងទាំងនេះ គឺជាសមិទ្ធផលថ្មីរបស់បងប្អូនប្រជាពលរដ្ឋក្នុងភូមិ ក្នុងការសម្រួលធ្វើចរាចរណ៍ចេញចូល ដឹកផលិតផលកសិកម្មទៅកាន់ទីផ្សារបានងាយស្រួល។

ជាពិសេសថែមទៀតនោះ គឺជួយសម្រួលដល់កូនចៅរបស់យើងធ្វើដំណើរទៅកាន់សាលារៀន បានកាន់តែងាយស្រួល ម្យ៉ាងទៀតផ្លូវបេតុងនេះ ជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចរកោណដំណាក់កាលទី១ ដោយផ្តោតសំខាន់ទីលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានបញ្ជាក់ថា ដោយសារកត្តាសន្តិភាព ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ចាប់ពីទីប្រជុំជន រហូតដល់ជនបទ ហើយផ្លូវបេតុងដែលកើតឡើងនៅទីនេះ បានមកពីកត្តាសុខសន្តិភាពនេះ ព្រមទាំងបានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបញ្ជូនកូនចៅចូលសាលារៀនឱ្យបានគ្រប់គ្នា ព្រោះនៅខេត្តព្រះសីហនុ ត្រូវការកម្លាំងពលកម្មជាច្រើន បំរើការងារនៅតាមរោងចក្រ សហគ្រាស ទាមទារឱ្យកូនចៅរបស់យើងមានចំណេះដឹង ជំនាញ និងសមត្ថភាពបំរើការងារ និងទទួលបានប្រាក់ខែកាន់តែច្រើនជួយបង្កើនជីវភាពគ្រួសារ កាត់បន្ថយភាពក្រីក្រ។

ដោយឡែកប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវបេតុងទាំង ៣ខ្សែខាងលើ បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត លោកអភិបាលក្រុង និងអាជ្ញាធរដែលបានយល់ពីសុខទុក្ខ របស់របស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានធ្វើការអភិវឌ្ឍប្រែក្លាយពីផ្លូវក្រាលក្រួសក្រហម ផ្លូវដីមកជាផ្លូវបេតុង ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋបានកាន់តែងាយស្រួល និងកាត់បន្ថយការចំណាយពេលវេលាបានច្រើនថែមទៀតផង ពិសេសងាយស្រួលក្នុងការដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារ ទីប្រជុំជននានាក្នុងខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here