មន្រ្តីជាន់ខ្ពស់ដឹកនាំកិច្ចប្រជុំលើវឌ្ឍនភាពនៃផែនការសកម្មភាពកសាងសហគមន៍វាសនារួមជាមួយចិន

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកស៊ុន ចាន់ថុល បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ពិនិត្យលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួម ក្នុងយុគសម័យថ្មី (២០២៤-២០២៨)។

កិច្ចប្រជុំកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ មានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យពិភាក្សាលើរបាយការណ៍ស្តីពី លទ្ធផលវឌ្ឍនភាពការងារសម្រា​ប់ឆមាសទី២ ឆ្នាំ២០២៤ នៃការអនុវត្តផែនការសកម្មភាពនៃការកសា​ងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) និងកំណត់ទិសដៅការងារជាអាទិភាពសំខាន់ៗ សម្រាប់អនុវត្តបន្តនាពេលខាងមុខផងដែរ។

ផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ផ្តោតសំខាន់លើវិស័យអាទិភាពចំនួន៦ដូចជា៖ (១)កិច្ចសហប្រតិ​បត្តិការនយោបាយ (២)សមត្ថភាពផលិត និងវិនិយោគ (៣)កសិកម្ម (៤)ថាមពល និងអភិវឌ្ឍន៍បៃតង (៥)សន្តិសុខ និង (៦)ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ដែលក្នុងនោះ មានការចូលរួមអនុវត្តដោយក្រសួង ស្ថាប័នចំនួន២៧។

ផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី (២០២៤-២០២៨) ត្រូវបានរៀបចំឡើងដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ដោយតំណាងនៃរាជរដ្ឋាភិបាល និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលមានលោកស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្កុជា និងលោកវ៉ាង យី សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានការិយាល័យ គណៈកម្មាធិការកិច្ចការបរទេស និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ជាសហហត្ថលេខី៕

LEAVE A REPLY

Please enter your comment!
Please enter your name here