ដោយៈ គង់ ម៉ាណា
ភ្នំពេញៈ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) កំពុងកំណត់ទស្សនៈរបស់ខ្លួន ក្នុងការក្លាយជាសមាគមដែលមានសេដ្ឋកិច្ចធំជាងគេទីបួនរបស់ពិភពលោកនៅឆ្នាំ២០៣០ ខណៈដែលតំបន់នេះពង្រឹងភាពជាដៃគូពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចចំពេលមានការប្រកួតប្រជែងជាសកលកាន់តែខ្លាំង។
ថ្លែងនៅក្នុងវេទិកាចក្ខុវិស័យ របស់អគ្គលេខាធិការអាស៊ានឆ្នាំ ២០៤៥ ដែលធ្វើឡើងនៅសណ្ឋាគារសាន់វ៉េ ក្នុងរាជធានីភ្នំពេញ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានលើកឡើងពីវឌ្ឍនភាពសេដ្ឋកិច្ចក្នុងតំបន់ និងបញ្ហាប្រឈមនាពេលខាងមុខ។
-->
លោកគឹមហួន បានថ្លែងថា “អាស៊ានស្ថិតក្នុងលំដាប់កំពូលលេខ ៥ នៃសេដ្ឋកិច្ចពិភពលោក។ យោងតាមការព្យាករនៃកំណើនសេដ្ឋកិច្ច អាស៊ាន នឹងឡើងដល់លំដាប់កំពូលលេខ៤ នៅឆ្នាំ២០៣០ ខាងមុខ។ ដូច្នេះ រដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន ខិតខំទាក់ទាញការវិនិយោគមកកាន់តំបន់អាស៊ាន”។
ឆ្នាំ២០២៣ អាស៊ានមានទឹកប្រាក់ពាណិជ្ជកម្មចំនួន ៣,៥ពាន់ពាន់លានដុល្លារអាមេរិក ហើយក្នុងចំណោម ២១,៥ភាគរយនៃតួលេខនេះ ជាការធ្វើពាណិជ្ជកម្មក្នុងតំបន់អាស៊ាន។
លោក កៅ គឹមហួនបានឱ្យដឹងថា ក្រៅពីនេះ អាស៊ានបានធ្វើពាណិជ្ជកម្មជាមួយដៃគូ ដូចជា អាស៊ានចិន អាស៊ានកូរ៉េ អាស៊ានជប៉ុន អាស៊ានអូស្ដ្រាលី ជាមួយនូវែលសេឡង់ និងអាស៊ានឥណ្ឌាជាដើម។
ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់អាស៊ាន ជាមួយនឹងពាណិជ្ជកម្ម ទ្វេរភាគីឈានដល់៩១១,៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៣ ខណៈពេលដែលសហរដ្ឋអាមេរិក តាមដានយ៉ាងជិតស្និទ្ធក្នុងនាមជាដៃគូសេដ្ឋកិច្ចដ៏សំខាន់។
នេះបើយោងតាមការក្រឡេកមើលទៅអនាគត៖ ការស្វែងរកការអភិវឌ្ឍរួម ដើម្បីជំរុញការកសាងសហគមន៍អាស៊ាន-ចិនឱ្យកាន់តែជិតស្និទ្ធជាមួយអនាគតរួម ដែលចុះផ្សាយក្នុងបេសកកម្មរបស់ PRC ទៅអាស៊ានក្នុងខែមីនា ឆ្នាំ២០២៤។
សហរដ្ឋអាមេរិកគឺជាប្រភពកំពូល នៃការវិនិយោគផ្ទាល់ពីបរទេស (FDI) របស់អាស៊ាន ជាមួយនឹងការវិនិយោគកើនឡើងដល់ទៅជិត ៤៨០ ពាន់លានដុល្លារ ដែលស្ទើរតែទ្វេដងនៃការវិនិយោគរបស់សហរដ្ឋអាមេរិករួមគ្នានៅក្នុងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងតៃវ៉ាន់។ នេះបើយោងតាម On. US-ASEAN Relations & Trade ដែលបានចេញផ្សាយនៅលើAsia Society។
ទាក់ទងនឹងកិច្ចសហប្រតិបត្ដិការរវាងអាស៊ាន-ចិន និងអាស៊ាន-សហរដ្ឋអាមេរិក លោក កៅ គឹមហួន បានឱ្យដឹងថា អាស៊ាននៅតែរក្សាជំហចងមិត្ដរវាងមហាយក្សទាំងពីរ។
លោកបានថ្លែងថា ចិនជាមិត្ដភូមិផងរបងជាមួយ ខណៈអាមេរិកក៏មានមូលដ្ឋានមិនឆ្ងាយប៉ុន្មានដែរ ដូចជា កោះហ្គាំ ជាដើម។
លោក គឹមហួន បានមានប្រសាសន៍ឲ្យដឹងទៀតថា អាមេរិកគឺជាប្រភពទីមួយ លើវិស័យវិនិយោគនៅអាស៊ាន ខណៈពាណិជ្ជកម្មស្ថិតក្នុងលំដាប់ទីពីរបន្ទាប់ពីចិន។ ចំណែកឯចិនឈរលំដាប់លេខមួយលើវិស័យពាណិជ្ជកម្ម ខណៈការវិនិយោគឈរលេខពីរ បន្ទាប់ពីសហរដ្ឋអាមេរិក។
លោកបានបន្ដថា ទាំងសហរដ្ឋអាមេរិក និងចិន ផ្ដោតការយកចិត្ដទុកដាក់ខ្លាំងមកលើអាស៊ាន ដោយអាស៊ានរក្សានូវភាពកណ្ដាល និងក្លាយជាអ្នកសម្របសម្រួល ដោយអាស៊ានចង់មើលឃើញមហាអំណាចទាំងពីរត្រូវរ៉ូវគ្នា។
អាស៊ានក៏បានមើលឃើញពីការកើនឡើង នៃការវិនិយោគពីប្រទេសចិន ដោយការវិនិយោគផ្ទាល់ឈានដល់២៥,១២ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ កើនឡើង៣៤,៧ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។
នេះបើយោងតាមការពន្លឿន កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិន និងអាស៊ាន ដែលបានចេញផ្សាយនៅក្នុងពិព័រណ៍នាំចូលអន្តរជាតិរបស់ចិននៅខែវិច្ឆិកាឆ្នាំ ២០២៤។
នៅពាក់កណ្តាលឆ្នាំ ២០២៤ ការវិនិយោគទ្វេភាគីរបស់ចិនជាមួយអាស៊ានបានកើនឡើងលើសពី៤០០ ពាន់លានដុល្លារ ដែលធ្វើអោយទំនាក់ទំនងសេដ្ឋកិច្ច កាន់តែស៊ីជម្រៅថែមទៀត រវាងតំបន់ទាំងពីរ។
ការជំរុញសសរស្តម្ភសេដ្ឋកិច្ចដ៏រឹងមាំ
រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបាន និងកំពុងធ្វើការយ៉ាងសកម្ម ដើម្បីពង្រីកកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងវិនិយោគក្រោមក្របខណ្ឌសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ដែលមានគោលបំណងបង្កើតទីផ្សារ និងមូលដ្ឋានផលិតកម្មតែមួយ។
លោកកៅ គីមហួន បានបន្ដថា រយៈពេលចុងក្រោយនេះ រដ្ឋមន្ដ្រីសេដ្ឋកិច្ចអាស៊ាន បានខ្នះខ្នែងក្នុងការបង្កើន កិច្ចព្រមព្រៀងការធ្វើពាណិជ្ជកម្ម និងវិនិយោគរួមគ្នាទាំង១០ប្រទេសនេះ ដើម្បីឆ្លើយតបទៅនឹងធម្មនុញ្ញអាស៊ាន គឺទីផ្សារតែមួយ។
ការវិនិយោគផ្ទាល់ពីបរទេស ទៅក្នុងអាស៊ានបានឈានដល់ ២៤០ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ហើយអាស៊ានកំពុងខិតខំរក្សាកំណើននេះ ដោយបង្កើតគោលនយោបាយមិត្តភាព វិនិយោគិនបន្ថែមទៀត និងការពង្រឹងស្ថិរភាពសេដ្ឋកិច្ចក្នុងតំបន់។
ទាក់ទងពាណិជ្ជកម្មអន្តរជាតិនៅប្រទេសកម្ពុជា វាបានរក្សាកំនើនរឹងមាំក្នុងខែមករាឆ្នាំ ២០២៥ លើសពី៥ពាន់លានដុល្លារ ពោលគឺកើនឡើងជិត២៥ភាគរយ ធៀបនឹងខែដូចគ្នាក្នុងឆ្នាំ ២០២៤ ជាមួយនឹងការនាំចេញមានចំនួនប្រមាណ៤៥ភាគរយ នៃទំហំពាណិជ្ជកម្មសរុប៕
