ក្រុមហ៊ុនរបស់លោកមហាសេដ្ឋី Gautam Adani ឈ្នះការដេញថ្លៃលើគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃជាង៤ពាន់លានដុល្លារ ដើម្បីស្តារមុខមាត់ទីក្រុងបុមបៃ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យរបស់មហាសេដ្ឋីឥណ្ឌាលោក Gautam Adani បានឈរនៅលំដាប់កំពូលលើការដេញថ្លៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដ៏ធំបំផុតមួយក្នុងទីក្រុងបុមបៃ ក្រោមទុនវិនិយោគចំនួន៤,១២ពាន់លានដុល្លារ។

យោងតាមប្រភព​ចំនួន២ ដែលសុំមិន​បញ្ចេញ​ឈ្មោះបានទម្លាយឱ្យដឹងថា ក្រុមហ៊ុន Adani Properties ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនយក្ស Adani Group បានប្រកាសផ្តល់តម្លៃខ្ពស់ជាងគេបំផុតទៅលើការដេញថ្លៃគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន“Motilal Nagar”ស្ថិតនៅក្នុងតំបន់ជាយក្រុងបុមបៃ។

ប្រភពដដែលបានបន្តថា រដ្ឋបាលរបស់រដ្ឋ Maharashtra គ្រោងនឹងផ្ញើលិខិតមួយទៅកាន់ក្រុមហ៊ុន Adani Properties ក្នុងពេលឆាប់ៗនេះ ដោយប្រកាសជាផ្លូវការថា ក្រុមហ៊ុននេះជាអ្នកឈ្នះការដេញថ្លៃ។

គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន“Motilal Nagar”ត្រូវបានចែកចេញជា៣ដំណាក់កាល រួមមាន ដំណាក់កាល Motilal Nagar I ដំណាក់កាល Motilal Nagar II និងដំណាក់កាល Motilal Nagar III ដែលគ្របដណ្តប់លើផ្ទៃដីចំនួន៥៧,៨៧ហិកតា។

ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុន Adani Properties នឹងទទួលខុសត្រូវចំពោះដំណើរការអភិវឌ្ឍន៍គម្រោងនេះឡើងវិញ រួមមានដូចជាការរចនា ការសាងសង់ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការស្តារឡើងវិញនូវលំនៅដ្ឋានចំនួន៣.៣៧២យូនីត អចលនទ្រព្យពាណិជ្ជកម្មចំនួន៣២៨យូនីត និងសំណង់អនាធិបតេយ្យចំនួន១.៦០០ខ្នង។

ជ័យជំនះលើការដេញថ្លៃចុងក្រោយនេះជាការជំរុញសន្ទុះថ្មីមួយសម្រាប់ក្រុមហ៊ុន Adani Group ខណៈដែលក្រុមហ៊ុនខ្នាតយក្សមួយនេះកំពុងរៀបចំដំណើរការនៃការអភិវឌ្ឍន៍តំបន់អនាធិបតេយ្យ Dharavi ក្នុងទីក្រុងបុមបៃឱ្យមានសោភណភាពឡើងវិញ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here