ការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការកំពុងកើតឡើងនៅបណ្តាប្រទេសធំៗចំនួន៣ ក្នុងតំបន់អាស៊ាន

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសហ្វីលីពីន ថៃ និងវៀតណាមកំពុងប្រឈមមុខជាមួយនឹងការព្រួយបារម្ភអំពីការផ្គត់ផ្គង់ខុនដូលើសតម្រូវការ ដោយសម្រេចចិត្តកាត់បន្ថយគម្រោងថ្មីៗមួយចំនួន។

លោកស្រី Ada Choi ប្រធានផ្នែកស្រាវជ្រាវរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានអះអាងថា “កម្រិតអត្រាការប្រាក់ខ្ពស់ ការរឹតបន្តឹងលក្ខណៈផ្តល់ប្រាក់កម្ចីទិញផ្ទះ និងបំណុលគ្រួសារកំពុងបង្កឱ្យមានបញ្ហាផ្គត់ផ្គង់លើសតម្រូវការ”។

ទី១: ប្រទេសហ្វីលីពីន

យោងតាមទិន្នន័យពីក្រុមហ៊ុន Colliers International Philippines បានឱ្យដឹងថា ក្នុងបរិបទបច្ចុប្បន្ន គេនឹងត្រូវចំណាយពេលជាង៨ឆ្នាំ ដើម្បីលក់ខុនដូនៅសេសសល់ចំនួន៧៤.០០០យូនីតក្នុងរដ្ឋធានីម៉ានីលឱ្យអស់ពីស្តុក។

តម្រូវការខុនដូនៅទីក្រុងម៉ានីលបានដាំក្បាលចុះ៦១ភាគរយមកនៅសល់ប្រហែល៩.០០០យូនីតកាលពីឆ្នាំមុន ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានក្នុងរយៈពេល៩ឆ្នាំ។

ជាមួយគ្នានោះ ខុនដូថ្មីចំនួន១១.០០០យូនីតបន្ថែមទៀតនឹងវាយលុកចូលទីផ្សារនៅចន្លោះខែកញ្ញាដល់ខែធ្នូ ឆ្នាំ២០២៥។ចំនួនខុនដូថ្មីទាំងនេះជាតួលេខទាបបំផុតមិនធ្លាប់មានគិតចាប់តាំងពីឆ្នាំ២០១៦មក។

ទី២: ប្រទេសថៃ

លោក Prasert Taedullayasatit ប្រធានសមាគមខុនដូថៃបានមានប្រសាសន៍ឱ្យដឹងថា “ចំនួនខុនដូ និងអចលនទ្រព្យលំនៅដ្ឋានផ្សេងទៀតដែលត្រូវបានលក់ចេញក្នុងឆ្នាំ២០២៤បានដាំក្បាលចុះជាង៣០ភាគរយ”។

លោក Nuttaphong Kunakornwong នាយកប្រតិបត្តិក្រុមហ៊ុន SC Asset Corp PCL ដែលគ្រប់គ្រងដោយគ្រួសាររបស់់លោកស្រីនាយករដ្ឋមន្ត្រីថៃ Paetongtarn Shinawatra បានលើកឡើងថា “ទីផ្សារអចលនទ្រព្យរបស់ប្រទេសថៃត្រូវបានគេរំពឹងថា នឹងកាន់តែមានស្ថានភាពលំបាកជាងមុននៅឆ្នាំនេះ”។

លោក Nuttaphong បានបន្ថែមថា “យើងកំពុងស្វែងរកការវិនិយោគផ្នែកផ្សេងទៀតដូចជា ភស្តុភារ និងសណ្ឋាគារ ដើម្បីជំរុញកំណើនប្រាក់ចំណូល ខណៈទស្សនវិស័យផ្នែកអចលនទ្រព្យលំនៅដ្ឋាននៅតែបន្តធ្លាក់ចុះ”។

ទី៣: ប្រទេសវៀតណាម

យោងតាមប្រភពពីរដ្ឋាភិបាលវៀតណាមបានឱ្យដឹងថា បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យជាច្រើននៅប្រទេសវៀតណាមបានផ្តោតលើការសាងសង់ផ្ទះប្រណីតច្រើនពេក ដោយភ្លេចគិតគូរអំពីការផ្គត់ផ្គង់ផ្ទះតម្លៃសមរម្យ។

ការណ៍នេះបានបណ្តាលឱ្យមានបញ្ហានៃការខ្វះខាតផ្ទះតម្លៃសមរម្យ សម្រាប់លក់ទៅឱ្យអតិថិជនភាគច្រើននៅតាមទីក្រុងធំៗដូចជា រដ្ឋធានីហាណូយ និងទីក្រុងហូជីមិញជាដើម៕ប្រភព:BLOOMBERG៕

LEAVE A REPLY

Please enter your comment!
Please enter your name here