ដំណឹងល្អៈ គំរោងស្ថាបនាស្ពានឆ្លងកាត់ទន្លេរមេគង្គក្នុងខេត្តក្រចេះសម្រេចបានជាងជិត៩០ភាគរយហើយ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមមន្រ្តីបានចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដែលរហូតមកទល់ពេលនេះ សម្រេចចាបវឌ្ឍនភាពជាង៦២ភាគរយហើយ។

ព័ត៌មាននេះ ត្រូវបានបង្ហើបឲ្យដឹងក្នុងពេលលោកលឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងជានាយកគម្រោង បានដឹក​នាំក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ដោយមានការចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ សមាជិកអនុវត្តគម្រោង តំណាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ តំណាងក្រុមហ៊ុនសៀងហៃ និងតំណាងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន។

យោងតាមរបាយការណ៍បានបង្ហាញថា គិតត្រឹមពាក់កណ្តាលខែមីនា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចលទ្ធផល៨៩,៨៤% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩គ.ម និងផ្លូវខ្នែង មានចំនួន៤ខ្សែ ប្រវែងសរុប១៦,២០គ.ម សម្រេចលទ្ធផលបាន ៦២,១០%។

ដូចអ្វីដែលបានគ្រោងទុក បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ អាចនឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

ការចុះមកត្រួតពិនិត្យនាពេលនេះ គឺក្នុងគោលបំណងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងតាមដានវឌ្ឍនភាពការងារ ក៏ដូចជាផែនការសាងសង់នៃគម្រោងទាំងមូល។

ជាថ្មីម្តងទៀត លោករដ្ឋលេខាធិការ បានណែនាំក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ យកចិត្តទុកដាក់ក្នុងការអនុវត្តការងារឱ្យមានគុណភាពខ្ពស់ មានផែនការការងារឱ្យបានច្បា​ស់លាស់ និងមានគ្រឿងចក្រគ្រប់គ្រាន់ ត្រឹមត្រូវទៅតាមទំហំការងារ និងផែនការដែលបានកំណត់។

ជាមួយគ្នានេះដែរ លោកលឹម ស៊ីដេនីម នឹងរៀបចំផែនការដើម្បីគោរពអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី មកពិនិត្យការដ្ឋាននៅក្នុងកំឡុងខែឧសភា ឆ្នាំ២០២៥ ខាងមុខ មុននឹងគោរពស្នើសុំសម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ប្រសិទ្ធនាមឈ្មោះស្ពាន និងគោរពអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីតភ្ជាប់តំណស្ពានចុងក្រោយ នៅពេលវេលាសមរម្យណាមួយ ចាប់ពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ តទៅ៕

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)

– Facebook: https://www.facebook.com/mpwt.gov.kh

– Telegram: https://t.me/mpwtnews

– TikTok: https://www.tiktok.com/@mpwt.tiktok

– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here