អ្នកវិនិយោគវិស័យអចលនទ្រព្យធំៗនៅកម្ពុជា បានលើកឡើងថា ការឡើងកម្ដៅនយោបាយ នៅមុនពេលបោះឆ្នោតនៅឆ្នាំ២០១៨ មិនមានបញ្ហាអ្វីគួរឲ្យបារម្ភទេ ប៉ុន្តែពួកគេទាមទារឲ្យអ្នកនយោបាយទាំងអស់មានភាពអត់ធ្មត់។

លោកឧកញ៉ា សៀ រិទ្ធី អគ្គនាយកក្រុមហ៊ុន World Bridge Group ដែលបាននិងកំពុងវិនិយោគគម្រោងខុនដូ THe Bridge, The PeAk, និងគម្រោង អចលនទ្រព្យជាច្រើនទៀតនៅទីក្រុងភ្នំពេញ បានថ្លែងឲ្យដឹង កាលពីព្រឹកថ្ងៃទី៤ កញ្ញានេះថា លោកជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ការបោះឆ្នោតនេះ នឹងដំណើរការដោយរលូន។ លោក បន្តថា យើងជាអ្នករកស៊ី យើងត្រូវការស្ថិរភាព ដែលជាអ្វីសំខាន់បំផុត ប៉ុន្តែប្រជាជនតែងតែមានការបារម្ភហើយ តែសម្រាប់លោកដែល ជាអ្នកវិនិយោគ លោកមានការជឿជាក់។
-->

លោក បន្តថា លោកគិតថា ការបោះឆ្នោតឆ្នាំក្រោយ មិនមានបញ្ហាអ្វីនោះទេ វាជាអារម្មណ៍របស់ប្រជាជនប៉ុណ្ណោះ។ អ្នកវិនិយោគបរទេស ពួកគេមិននិយាយមែនតែពួកគេមិនបារម្ភទេ ព្រោះអ្នកវិនិយោគពូកែជាអ្នកពូកែឆក់ឱកាស ហេតុនេះ បើមានអ្នកណាហ៊ាន អ្នកនោះនឹងទទួលបានជោគជ័យ។
ភាគហ៊ុនិកនៃក្រុមហ៊ុនលំនៅឋាន L កម្ពុជាភ្នំពេញលោក ទុយ ប៊ុន បានថ្លែងថា ស្ថានភាពនាពេលនេះមិនមានបញ្ហាអ្វីនោះទេ ប៉ុន្តែក្នុងនាមជាអ្នកវិនិយោគលោកស្នើសុំឲ្យអ្នកនយោបាយរួបរួមគ្នា និងធ្វើអ្វីយកច្បាប់មកនិយាយគ្នា ដើម្បីឲ្យប្រជាពលរដ្ឋបានសុខ និងមិនមានអ្វីគួរឲ្យព្រួយបារម្ភ។លោក បន្តថា យើងរង់ចាំមើលទាំងអស់គ្នា តែអ្វីជាការកត់សំគាល់របស់លោក គឺស្ថានភាពមិនមានអ្វីប្លែកគួរឲ្យបារម្ភទេ ព្រោះវាហាក់កើតឡើងដដែល បន្ទាប់មកវាក្លាយជារឿងធម្មតាសម្រាប់ប្រទេសរបស់យើង។
លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានថ្លែងថា ការបោះឆ្នោតឆ្នាំ២០១៨ មិនមានបញ្ហាអ្វីឡើយ ទោះជាមានការបារម្ភតិចតួចពីសំណាក់ប្រជាពលរដ្ឋខ្មែរក្តី ប៉ុន្តែវាមិនមានអ្វីគួរឲ្យបារម្ភទេ។លោក បន្តថា ទោះជាយ៉ាងណាក៏តម្លៃដីធ្លី ឬអចលនទ្រព្យដទៃទៀត នឹងមិនឡើងថ្លៃនោះទេ ព្រោះវា ជាពេលដែលប្រជាពលរដ្ឋព្រួយបារម្ភ ហើយវាជាអារម្មណ៍ធម្មតារបស់ពួកគាត់៕