ទីផ្សារអចលនទ្រព្យម៉ាឡេសុីរំពឹងបន្តទទួលបានផលវិជ្ជមានដោយផ្ទាល់ពីកំណើននៃការវិនិយោគលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ឆ្នាំ២០២៥នេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាឆ្នាំដ៏សំខាន់មួយសម្រាប់ទីផ្សារអចលនទ្រព្យសកល ដោយសារការទម្លាក់អត្រាការប្រាក់ និងការរក្សាបានស្ថិរភាពតម្លៃអចលនទ្រព្យ បានបង្កើតនូវបរិយាកាសវិនិយោគកាន់តែអំណោយផល។

សម្រាប់តំបន់អាស៊ាន ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងអាចក្លាយជាតួអង្គដ៏សំខាន់មួយ ខណៈដែលលំហូរនៃអ្នកវិនិយោគជាតិ និងអន្តរជាតិនឹងពង្រឹងឋានៈរបស់ប្រទេសម៉ាឡេស៊ីជាគោលដៅនៃការវិនិយោគអចលនទ្រព្យឈានមុខគេមួយក្នុងតំបន់។

ក្រុមហ៊ុន Knight Frank អះអាងថា ចំណាប់អារម្មណ៍របស់វិនិយោគិនអន្តរជាតិចំពោះទីផ្សារអចលនទ្រព្យម៉ាឡេសុីនៅតែមានភាពរឹងមាំ ជាពិសេសផ្នែកការិយាល័យ និងផ្នែកបដិសណ្ឋារកិច្ចរបស់ទីក្រុងគូឡាឡាំពួរ។

លោក Allan Sim អ្នកជំនាញជាន់ខ្ពស់របស់ក្រុមហ៊ុន Knight Frank Malaysia អះអាងថា “ការស្ទុះងើបឡើងវិញនៃការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មជាសកលបានជះឥទ្ធិពលដោយផ្ទាល់លើប្រទេសម៉ាឡេស៊ី”។

ការវិនិយោគលើទីផ្សារអចលនទ្រព្យពាណិជ្ជកម្មសកលបានកើនឡើង៨ភាគរយនៅឆ្នាំ២០២៤ ដល់ទំំហំទឹកប្រាក់ចំនួន៨០៦ពាន់លានដុល្លារអាមេរិក។នេះបើយោងតាមរបាយការណ៍សិក្សាថ្មីចុងក្រោយរបស់ក្រុមហ៊ុន Knight Frank។

ចំនួនសេដ្ឋី ដែលមានទ្រព្យសម្បត្តិចន្លោះពី១លានដុល្លារទៅ៥លានដុល្លារ(HNWI) នៅទូទាំងពិភពលោកបានកើនឡើង៤,៤ភាគរយក្នុងឆ្នាំ២០២៤ដល់ចំនួន២.៣៤១.៣៧៨នាក់ ដោយតំបន់អាមេរិកខាងជើង និងតំបន់អាស៊ីនាំមុខគេ
ក្នុងការសម្រេចបានកំណើននេះ។

ជាមួយគ្នានោះ ប្រទេសម៉ាឡេស៊ីក៏ជាប្រទេស ដែលទទួលបានផលប្រយោជន៍ដ៏ធំពីនិន្នាការនេះផងដែរ ខណៈសេដ្ឋីភាគច្រើនបានធ្វើពិពិធកម្មផលបត្ររបស់ខ្លួនទៅកាន់ទីផ្សារលំនៅដ្ឋាននៅក្នុងទីក្រុងគូឡាឡាំពួរ។

លើសពីនោះ ការទាញទម្លាក់អត្រាការប្រាក់របស់ធនាគារកណ្តាលធំៗនៅលើពិភពលោកត្រូវបានគេព្យាករណ៍ថា នឹងជំរុញឱ្យតម្រូវការការិយាល័យនៅក្នុងទីក្រុងគូឡាឡាំពួរមានការកើនឡើង៕ប្រភព: Edge Malaysia៕

LEAVE A REPLY

Please enter your comment!
Please enter your name here