ដោយ: គង់ លាងហួរ
អន្តរជាតិ: វិស័យអចលនទ្រព្យរបស់ប្រទេសថៃកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជានៅឆ្នាំ២០២៥ ដោយសារសង្គ្រាមពាណិជ្ជកម្មបានដើរទន្ទឹមគ្នានឹងការកើនឡើងនៃលំហូរវិនិយោគផ្ទាល់ពីបរទេសចូលមកកាន់ប្រទេសថៃ។
លោកស្រី Kirida Bhaopichitr អ្នកវិភាគនៅវិទ្យាស្ថានស្រាវជ្រាវការអភិវឌ្ឍន៍ក្នុងប្រទេសថៃ (TDRI) បានចាត់ទុកគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកក្រោមរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ថា “ជាហានិភ័យដ៏ធំបំផុតសម្រាប់សេដ្ឋកិច្ចថៃ និងពិភពលោក”។
ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិក (USTR) ត្រូវបានគេរំពឹងថា នឹងប្រកាសវិធានការពាណិជ្ជកម្មនៅថ្ងៃទី២ ខែមេសាខាងមុខ ខណៈប្រទេសថៃក៏អាចក្លាយជាមុខសញ្ញានៃការដំឡើងពន្ធគយផងដែរ ព្រោះប្រទេសថៃមានអតិរេកពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។
-->
ទោះជាយ៉ាងណាក្តី សង្គ្រាមពាណិជ្ជកម្មក៏ជះឥទ្ធិពលវិជ្ជមានមួយចំនួនផងដែរ។ សង្គ្រាមនេះកំពុងជំរុញឱ្យបណ្តាក្រុមហ៊ុនផលិតកម្មនានាផ្លាស់ប្តូររោងចក្រចេញពីប្រទេសចិនទៅកាន់បណ្តាប្រទេសផ្សេងទៀត រួមទាំងប្រទេសថៃ។
ស្ថានភាពនាពេលបច្ចុប្បន្នកំពុងទាក់ទាញលំហូរការវិនិយោគផ្ទាល់ពីបរទេសចូលទៅកាន់ប្រទេសថៃ ជាពិសេសតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) ។
លោកស្រី Kirida បានកត់សម្គាល់ថា “ តំបន់ EEC នឹងទទួលបានសក្តានុពលដ៏សំខាន់ពីការអភិវឌ្ឍន៍អចលនទ្រព្យផ្នែកឧស្សាហកម្ម ដូចជាឃ្លាំង និងរោងចក្រជាដើម”។
វិស័យទេសចរណ៍ក៏ត្រូវបានរំពឹងថា នឹងជួយជំរុញទីផ្សារអចលនទ្រព្យថៃផងដែរ។ វិទ្យាស្ថាន TDRI ព្យាករណ៍ថា ប្រទេសថៃនឹងស្រូបទាញបានភ្ញៀវទេសចរណ៍បរទេសចំនួន៤០លាននាក់នៅឆ្នាំ២០២៥។ ការណ៍នេះអាចជំរុញឱ្យតម្រូវការខុនដូកើនឡើង។
យ៉ាងណាមិញ លោក Therdsak Thaweetheeratham ជំនួយការរបស់នាយកគ្រប់គ្រងក្រុមហ៊ុន Asia Plus Securities បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ខិតខំកាត់បន្ថយចំនួនខុនដូដែលនៅសេសសល់ក្នុងស្តុក ខណៈការដាក់ឱ្យដំណើរការគម្រោងថ្មីត្រូវបានគេរំពឹងថា នឹងថមថយចុះបន្តិច៕ប្រភព: The Nation៕
