ដោយ: គង់ លាងហួរ
អន្តរជាតិ: បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនានាកំពុងជួបប្រទះស្ថានភាពលំបាកក្នុងការលក់ផ្ទះវីឡា និងផ្ទះ Townhouse នៅភាគខាងត្បូងប្រទេសវៀតណាម ដោយសារតែផ្ទះទាំងនោះមានតម្លៃខ្ពស់កប់ពពក។
ជាក់ស្តែង ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានកត់សម្គាល់ឃើញមានការទិញផ្ទះចំនួន៧៥យូនីតប៉ុណ្ណោះក្នុងចំណោមផ្ទះវីឡា និងផ្ទះប្រភេទ Townhouse សរុប៥.០០០យូនីត ដែលត្រូវបានប្រកាសដាក់លក់នៅទីក្រុងហូជីមិញ និងតំបន់ជុំវិញនោះ។
យោងតាមរបាយការណ៍មួយរបស់វេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan បានឱ្យដឹងថា ទីផ្សារអចលទ្រព្យវៀតណាមបានបង្ហាញសញ្ញានៃការងើបឡើងវិញយ៉ាងខ្លាំងនៅឆ្នាំ២០២៥នេះ ស្របពេលមានកំណើននៃតម្រូវការដីធ្លី និងអាផាតមុិន។ផ្ទុយទៅវិញ តម្រូវការផ្ទះវីឡា និងផ្ទះ Townhouse បានដាំក្បាលចុះ។
ការស្រាវជ្រាវស្វែងរកផ្ទះវីឡា និងផ្ទះ Townhouse (Search)នៅក្នុងទីក្រុងហូជីមិញតាមរយៈវេទិកាចុះបញ្ជីអចលនទ្រព្យ Batdongsan បានគ្របដណ្តប់ចំណែកតិចជាង២ភាគរយនៃចំនួនអ្នកសាកសួរព័ត៌មានសរុប។
លោក Vo Hong Thang អគ្គនាយករងនៃក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ DKRA Group បានវាយតម្លៃថា “ការដាំក្បាលចុះនៃតម្រូវការផ្ទះវីឡា និងផ្ទះ Townhouse បណ្តាលមកពីផ្ទះទាំងនោះគ្មានភាពទាក់ទាញ និងមានតម្លៃខ្ពស់កប់ពពក”។
តួយ៉ាង ផ្ទះវីឡា និងផ្ទះប្រភេទ Townhouse នៅទីក្រុងហូជីមិញមានតម្លៃចាប់ពី៥,៣ពាន់លានដុងដល់៧០០ពាន់លានដុង(ប្រហែល២០៧.៦៤០ដុល្លារទៅ២៧,៤លានដុល្លារ)ក្នុងមួយយូនីត។តម្លៃខ្ពស់កប់ពពកនេះបានធ្វើឱ្យបណ្តាអ្នកវិនិយោគស្ទាក់ស្ទើរក្នុងការទិញ៕ប្រភព: Vnexpress៕