ព្រែកជីកប៉ាណាម៉ាគ្រោងសាងសង់បំពង់បង្ហូរមួយដើម្បីនាំចេញឧស្ម័នមកកាន់តំបន់អាសុី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រធានគ្រប់គ្រងប្រតិបត្តិការព្រែកជីកប៉ាណាម៉ា លោក Ricaurte Vasquez បានប្រកាសថា ព្រែកជីកនេះកំពុងពិចារណាសាងសង់បំពង់បង្ហូរមួយ ដើម្បីនាំចេញឧស្ម័នប្រេងរាវ (LNG)ពីសហរដ្ឋអាមេរិកទៅកាន់ប្រទេសជប៉ុន ដែលជាអតិថិជនដ៏មានសក្ដានុពលខ្ពស់ក្នុងការបញ្ជាទិញឧស្ម័ន។

ព្រែកជីកប៉ាណាម៉ាជាច្រកពាណិជ្ជកម្មតាមផ្លូវសមុទ្រដ៏មមាញឹកបំផុតមួយនៅលើពិភពលោក ខណៈអាជ្ញាធរគ្រប់គ្រងព្រែកជីកនេះគ្រោងនឹងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាដើម្បីបង្កើនប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ជាក់ស្តែង កន្លងមក បញ្ហាគ្រោះរាំងស្ងួតបានកាត់បន្ថយចំនួននាវាឆ្លងកាត់ព្រែកជីកប៉ាណាម៉ា។ បច្ចុប្បន្ន អាជ្ញាធរគ្រប់គ្រងព្រែកជីកប៉ាណាម៉ាគ្រោងសាងសង់អាងស្តុកទឹកនៅតំបន់ក្បែរនោះ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតទឹកនារដូវប្រាំង។

ប្រទេសជប៉ុនជាប្រទេសប្រើប្រាស់ឧស្ម័នប្រេងរាវ (Liquefied Petroleum Gas) ដ៏ធំជាងគេបំផុតមួយនៅលើពិភពលោក ខណៈប្រទេសជប៉ុនប្រើប្រាស់ថាមពលទាំងនោះសម្រាប់បម្រើដល់វិស័យផលិតកម្ម និងឧស្សាហកម្មក្នុងស្រុកសំខាន់ៗផ្សេងទៀត។

ចំណាត់ការរបស់ព្រែកជីកប៉ាណាម៉ាបានធ្វើឡើង ស្របពេលដែលប្រទេសប៉ាណាម៉ាកំពុងប្រឈមមុខនឹងភាពតានតឹងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញគោលបំណងទាមទារព្រែកជីកប៉ាណាម៉ាឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។

កាលពីដើមខែមីនានេះ សម្ព័ន្ធក្រុមហ៊ុនមួយ ដែលដឹកនាំដោយក្រុមហ៊ុនអាមេរិក BlackRock បានសម្រេចទិញកំពង់ផែចំនួន២ទីតាំងស្ថិតនៅអមសងខាងព្រែកជីកប៉ាណាម៉ាពីក្រុមហ៊ុនហុងកុង CK Hutchison Holding។កិច្ចព្រមព្រៀងនេះមានទំហំទឹកប្រាក់ចំនួន២២,៨ពាន់លានដុល្លារអាមេរិក៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here