ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលថៃបានធ្វើការព្រមានដល់ជនបរទេស ដែលបានទិញខុនដូនៅក្នុងប្រទេសថៃ ដើម្បីដាក់ជួលជាលក្ខណៈសណ្ឋាគារ ព្រោះសកម្មភាពនេះជាការរំលោភបំពានច្បាប់របស់ប្រទេសថៃ។
ការព្រមាននេះបានកើតមានឡើង ក្រោយពីអាជ្ញាធរថៃរកឃើញមានករណីជាច្រើន ដែលជនជាតិចិនបានជួលបន្ទប់ខុនរបស់ខ្លួនទៅឱ្យភ្ញៀវទេសចរណ៍តាមរយៈកម្មវិធី Airbnb។
អ្នករស់នៅក្នុងអគារខុនដូមួយចំនួន ជាពិសេសនៅតំបន់ Sukhumvit បានត្អូញត្អែរអំពីសំឡេងរំខានរបស់ភ្ញៀវស្នាក់នៅបន្ទប់ជិតខាង ដែលមកស្នាក់នៅក្នុងរយៈពេលខ្លី។
-->

យោងតាមពាក្យបណ្ដឹងពីអ្នករស់នៅក្នុងអគារខុនដូ ដែលត្រូវបានចែកចាយតាមបណ្ដាញសង្គមបានឱ្យដឹងថា ភ្ញៀវទេសចរណ៍បានជួលបន្ទប់ខុនដូសម្រាប់ស្នាក់នៅក្នុងរយៈពេលខ្លី ដោយកក់តាមរយៈប្រព័ន្ធកម្មវិធីអនឡាញ។ខុនដូទាំងនោះ ជាកម្មសិទ្ធិរបស់ជនជាតិចិន។
លើសពីនេះ ភ្ញៀវទេសចរណ៍ ដែលចូលមកស្នាក់នៅខុនដូទាំងនោះមានសិទ្ធិយកកូនសោអេឡិចត្រូនិកសម្រាប់ចូលក្នុងខុនដូ។ កូនសោនោះត្រូវបានដាក់ក្នុងប្រអប់សោរួម ដែលមានលេខកូដសម្ងាត់ឌីជីថល។

ក្នុងករណីនេះ ការិយាល័យគ្រប់គ្រងខុនដូមួយចំនួន បានហាមឃាត់មិនឱ្យម្ចាស់បន្ទប់ខុនដូជាជនជាតិចិនប្រើប្រាស់ប្រអប់សោរួម ព្រោះថា មានតែអ្នករស់នៅក្នុងអគារខុនដូប៉ុណ្ណោះទើបអាចមានសិទ្ធិដឹងពីលេខកូដសម្ងាត់របស់ប្រអប់សោនោះ។
ជនបរទេសដែលទិញខុនដូដើម្បីដាក់ជួលជាប្រចាំថ្ងៃ តាមរយៈកម្មវិធី Airbnb ដោយមិនមានការអនុញ្ញាត ជាការរំលោភបំពានច្បាប់ស្តីពីសណ្ឋាគារឆ្នាំ២០០៤ របស់ប្រទេសថៃ។
ចំណែក អ្នកបំពានច្បាប់នឹងត្រូវទទួលរងការផាកពិន័យក្នុងទំហំទឹកប្រាក់ប្រមាណ៥៩៥ដុល្លារអាមេរិក និងបូកបន្ថែមចំនួន២៩៥ដុល្លារជារៀងរាល់ថ្ងៃ រហូតដល់ជនល្មើសបញ្ឈប់សកម្មភាព៕ប្រភព: The Nation៕
