ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌាបានឈានចូលមកដល់ចំណុចរបត់មួយ ដែលនឹងសម្រេចបានកំណើនយ៉ាងលឿនឆាប់រហ័សមិនធ្លាប់មានទាំងផ្នែកលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្ម។
តួយ៉ាង តម្រូវការលំនៅដ្ឋាននៅប្រទេសឥណ្ឌាត្រូវបានគេរំពឹងថា នឹងនៅតែមានសភាពរឹងមាំ ដោយសារការផ្លាស់ប្តូរនៃកត្តាប្រជាសាស្រ្ត និងការរីកចម្រើននៃកំណើនសេដ្ឋកិច្ច។
ខណៈដែលប្រទេសឥណ្ឌាបានបង្ហាញមហិច្ឆិតាក្នុងការប្រែក្លាយខ្លួនទៅជាប្រទេស ដែលមានប្រាក់ចំណូលកម្រិតមធ្យម និងកម្រិតខ្ពស់ វិស័យអចលនទ្រព្យនៅក្នុងប្រទេសនេះត្រូវបានគេរំពឹងថា នឹងបន្តរីកចម្រើនប្រកបដោយចីរភាពនៅទសវត្សរ៍ក្រោយ។
-->
ទំហំទីផ្សារលំនៅដ្ឋានឥណ្ឌាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនប្រចាំឆ្នាំចន្លោះពី១២ភាគរយទៅ១៥ភាគរយ ដែលនឹងវ៉ាដាច់អត្រាកំណើនសេដ្ឋកិច្ចឥណ្ឌាចំនួន៧ភាគរយ។
ការណ៍នេះនឹងជួយរួមចំណែកដល់ការបង្កើនទំហំផលទុនជាតិសរុប(GDP)របស់ប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក។

ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មក៏នឹងបន្តរីកចម្រើនផងដែរ ដោយផ្តោតលើគម្រោងអភិវឌ្ឍន៍អគារប្រើប្រាស់ចម្រុះ ដែលរួមបញ្ចូលគ្នានូវលំនៅដ្ឋាន ពាណិជ្ជកម្ម និងការលក់រាយ។ ការចាប់យកបច្ចេកវិទ្យាស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាឆ្លាតវៃនឹងបង្កើនភាពទាក់ទាញនៃគម្រោងអភិវឌ្ឍន៍ទាំងនេះ។
ជាងនេះទៅទៀត ភាពជឿនលឿនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដូចជាការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ជាយុទ្ធសាស្ត្ររវាងអ្នកប្រើប្រាស់ជាមួយនឹងសេវាកម្ម និងការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មថ្មីៗ នឹងជំរុញទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ឥណ្ឌាបន្ថែមទៀត។
ដោយឡែក ការពង្រីកសមត្ថភាពផលិតកម្ម និងគម្រោងហេដ្ឋារចនាសម្ព័ន្ធត្រូវបានគេរំពឹងថា នឹងជំរុញទីផ្សារអចលនទ្រព្យឧស្សាហកម្ម។
ការបន្តបោះទុនវិនិយោគរបស់រដ្ឋាភិបាលឥណ្ឌា ក្នុងការបង្កើតសួនឧស្សាហកម្មភស្តុភារ និងច្រករបៀងសេដ្ឋកិច្ចនឹងកាត់បន្ថយនូវថ្លៃដើមសង្វាក់ផ្គត់ផ្គង់ ព្រមទាំងបង្កើនប្រសិទ្ធភាព និងជួយកាត់បន្ថយតម្លៃផលិតផលប្រហែល៥ភាគរយ៕ប្រភព: BW Businessworld៕
