ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមសេដ្ឋវិទូបានបន្ទាបទស្សនវិស័យកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសសិង្ហបុរី និងទីក្រុងហុងកុងរបស់ប្រទេសចិន ស្របពេលដែលមានភាពមិនច្បាស់លាស់លើគោលនយោបាយពន្ធរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ។
យោងតាមការស្ទង់មតិរបស់កាសែត Bloomberg ទៅលើក្រុមសេដ្ឋវិទូបានបង្ហាញថា “កំណើនសេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីនឹងកើនឡើង៤,១ភាគរយនៅក្នុងត្រីមាសទី១ និងកើនឡើង៣,៩ភាគរយនៅក្នុងត្រីមាសទី២ មុននឹងធ្លាក់ចុះមកនៅត្រឹមអត្រា១,៣ភាគរយនៅត្រីមាសទី៣ និងអត្រា១,៦ភាគរយនៅត្រីមាសទី៤ ឆ្នាំ២០២៥”។
លោក Han Teng Chua សេដ្ឋវិទូជាន់ខ្ពស់នៅធនាគារ DBS Bank បានអះអាងថា “ទស្សនវិស័យសេដ្ឋកិច្ចរបស់សិង្ហបុរីកំពុងប្រឈមមុខនឹងហានិភ័យពីការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ ដោយសារតែការដំឡើងពន្ធខ្ពស់ និងការកើនឡើងនូវភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្មក្រោមរដ្ឋបាលលោក ត្រាំ”។