ដោយ: គង់ លាងហួរ
ភ្នំពេញ: បើទោះបីជាកំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថា នឹងកើនឡើងចំនួន៥,៨ភាគរយនៅក្នុងឆ្នាំ២០២៥នេះយ៉ាងណាក្តី ក៏ប៉ុន្តែទីផ្សារអចលនទ្រព្យរបស់កម្ពុជានៅមិនទាន់ស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័សនៅឡើយនោះទេ។
កត្តាចម្បងនានា ដែលបាននិងកំពុងបង្កបញ្ហាប្រឈមដល់វិស័យអចលនទ្រព្យនៅកម្ពុជា រួមមានដូចជា ការកើនឡើងថ្លៃដើមសំណង់ និងការដាក់ចេញបទប្បញ្ញត្តិយ៉ាងតឹងរ៉ឹងក្នុងគោលបំណងគ្រប់គ្រងការទិញអចលនទ្រព្យស្តុកទុកដើម្បីទាញយកផលចំណេញនាពេលអនាគត។
ទោះជាយ៉ាងណាក្តី ការបើកដំណើរគម្រោងអគារពាណិជ្ជកម្មប្រណីតៗដូចជាអគារ Maritime Tower និងអគារ Maline Office Park ក្នុងរាជធានីភ្នំពេញ ជាសញ្ញាវិជ្ជមានមួយបង្ហាញថា “ការិយាល័យប្រកបដោយគុណភាពខ្ពស់នៅតែមានតម្រូវការល្អប្រសើរ”។
-->

ជាមួយគ្នានេះ លំហូរវិនិយោគផ្ទាល់ពីបរទេស(FDI) ជាពិសេសមកពីប្រទេសចិននៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ដល់ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់កម្ពុជា។
និន្នាការនេះនឹងបន្តកើតមាន ស្របពេលដែលការវិនិយោគផ្ទាល់ពីបរទេសកើនឡើង ដោយរាជធានីភ្នំពេញកំពុងក្លាយជាគោលដៅសំខាន់មួយសម្រាប់ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន។
នាពេលបច្ចុប្បន្ន បណ្តាវិនិយោគិនក្នុងតំបន់កំពុងបន្តរង់ចាំអ៊ុតមើលទិសដៅគោលនយោបាយអត្រាការប្រាក់នាពេលអនាគតរបស់ធនាគារកណ្តាលអាមេរិក ដែលអាចជះឥទ្ធិពលលើគោលជំហររបស់ធនាគារកណ្តាលនៃបណ្តាប្រទេសនានាក្នុងតំបន់អាសុី។
ទន្ទឹមនឹងនេះ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននឹងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសក្ដានុពលនៃវិស័យអចលនទ្រព្យក្នុងតំបន់។ បណ្តាវិនិយោគិនផ្តោតជាពិសេសលើការផ្លាស់ប្តូរគោលនយោបាយរបស់ប្រទេសចិន ដោយសារកត្តាទាំងនេះអាចឆ្លុះបញ្ចាំងពីនិន្នាការសម្រាប់តំបន់ទាំងមូល៕ប្រភព: Asia Property Awards៕
