ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ប្រទេសចិនបានកាន់កាប់ទុនបំរុងរូបិយបណ្ណបរទេសចំនួន៣,២២ទ្រីលានដុល្លារអាមេរិកគិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៥។នេះជាចំនួនយ៉ាងច្រើនបំផុតមួយនៅលើពិភពលោក។
ការគ្រប់គ្រងទ្រព្យសម្បត្តិជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់នេះជាភារកិច្ចរបស់ការិយាល័យវិនិយោគក្រៅប្រទេសចំនួន៤ រួមមាន ការិយាល័យ Hua’an ការិយាល័យ Huaxin ការិយាល័យ Hua’ou និងការិយាល័យ Huamei។
ការិយាល័យ Hua’an ឬក្រុមហ៊ុន SAFE Investment Company មានទីតាំងនៅតំបន់រដ្ឋបាលពិសេសហុងកុង ខណៈការិយាល័យ Huaxin ឬក្រុមហ៊ុនវិនិយោគនៃសាធារណរដ្ឋប្រជាមានិតចិន មានទីតាំងនៅប្រទេសសិង្ហបុរី។
-->
ចំណែក ការិយាល័យ Hua’ou មានទីតាំងនៅទីក្រុងឡុងដិ៍របស់ប្រទេសអង់គ្លេស ខណៈការិយាល័យ Huamei មានទីតាំងនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក។ការិយាល័យនៅក្រៅប្រទេសទាំង៤នេះ ទទួលបន្ទុកគ្រប់គ្រង ឬរក្សាទុកនូវទុនបំរុងរូបិយបណ្ណបរទេសរបស់ប្រទេសចិន។

យោងតាមរបាយការណ៍ ដែលបានបោះពុម្ពផ្សាយដោយស្ថាប័ន China Forex បានឱ្យដឹងថា ការបង្កើតការិយាល័យទាំង៤ នេះឡើងជាផ្នែកមួយនៃការដាក់ពង្រាយជាសកលនូវទុនបំរុងរូបិយបណ្ណបរទេសរបស់ប្រទេសចិនចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ ដោយស្វែងរកការវិនិយោគជាយុទ្ធសាស្រ្តនៅក្នុងទីផ្សារភាគហ៊ុន និងទ្រព្យសកម្មផ្សេងទៀត។
ការិយាល័យនៅក្រៅប្រទេសទាំងនេះបានក្លាយទៅជាមូលដ្ឋានសំខាន់សម្រាប់ការធ្វើពិពិធកម្មទុនបំរុងរូបិយបណ្ណបរទេស និងការបង្កើតបានជាបណ្តាញសកលមួយ ដែលគ្របដណ្តប់ទៅលើទីផ្សារ ព័ត៌មាន និងធនធានមនុស្ស។
របាយការណ៍របស់ស្ថាប័ន China Forex បានគូសបញ្ជាក់បន្ថែមថា “ការបង្កើតការិយាល័យនៅក្រៅប្រទេសបានបង្កើនសមត្ថភាពនៃការគ្រប់គ្រងការវិនិយោគទុនបម្រុងរបស់ប្រទេសចិននៅក្នុងតំបន់ជុំវិញពិភពលោក ដែលមានពេលវេលាឬម៉ោងខុសគ្នា និងទីផ្សារផ្សេងៗគ្នា”៕ប្រភព: SCMP៕
