ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត South China Morning Post បានរាយការណ៍ថា ភាពមិនប្រាកដប្រជាផ្នែកនយោបាយ និងសេដ្ឋកិច្ចកំពុងជំរុញឱ្យពលរដ្ឋអាមេរិកកាន់តែច្រើនឡើង ងាកទៅទិញអចលនទ្រព្យ និងស្នើសុំសិទ្ធិរស់នៅក្រៅប្រទេស។
ប្រទេសអង់គ្លេស អូស្ត្រាលី និងព័រទុយហ្គាល់ស្ថិតក្នុងចំណោមគោលដៅពេញនិយមរបស់ពលរដ្ឋអាមេរិក ហើយភ្នាក់ងារអចលនទ្រព្យនៅទីនោះបានកត់សម្គាល់ឃើញពីការកើនឡើងយ៉ាងឆាប់រហ័សនៃចំនួនអតិថិជនអាមេរិក ដែលកំពុងសម្រុកមកទិញលំនៅដ្ឋាន។
និន្នាការនេះបានកើតមានឡើងកាន់តែខ្លាំង បន្ទាប់ពីការជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ដែលបានបង្កើនភាពមិនច្បាស់លាស់លើបញ្ហានានា រាប់ចាប់តាំងពីសេដ្ឋកិច្ចរហូតដល់នីតិរដ្ឋ។
-->
លោក Basil Mohr-Elzeki ប្រធានក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអន្តោប្រវេសន៍ Henley & Partners ប្រចាំតំបន់អាមេរិកខាងជើងបានអះអាងថា “ពលរដ្ឋអាមេរិកជាច្រើនបានដឹងថា ការពឹងផ្អែកលើលិខិតឆ្លងដែនតែមួយបានបង្កឱ្យពួកគេប្រឈមមុខនឹងហានិភ័យ”។

លោកបន្តថា ចំនួនអតិថិជនអាមេរិក ដែលបានស្វែងរកសេវាកម្មរបស់ក្រុមហ៊ុន Henley & Partners បានហក់ឡើងជាង១ពាន់ភាគរយនៅក្នុងឆ្នាំ២០២៤បើធៀបនឹងឆ្នាំ២០១៩។
និន្នាការនេះនៅតែបន្តកើតមាន។ លោក Mohr-Elzeki បានបញ្ជាក់ថា“ជាការពិតនៅឆ្នាំ២០២៥ តម្រូវការស្វែងរកលំនៅដ្ឋាន និងសញ្ជាតិបរទេសក្នុងចំណោមពលរដ្ឋអាមេរិកនៅតែបន្តកើនឡើង”។
ក្រុមហ៊ុន Henley & Partners បានផ្តល់សេវាកម្មប្រឹក្សាយោបល់ដល់បណ្តាអតិថិជនអាមេរិកកាន់តែច្រើនជាងមុន ដែលស្វែងរកលិខិតឆ្លងដែនទីពីរ ឬសិទ្ធិស្នាក់នៅក្រៅប្រទេស។
លើសពីនេះ គ្រួសារអ្នកមានបានចាត់ទុកការធ្វើចំណាកស្រុកតាមរយៈការវិនិយោគ ជាគោលនយោបាយធានារ៉ាប់រងដ៏សំខាន់មួយ ស្របពេលមានភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងនយោបាយនៅក្នុងសហរដ្ឋអាមេរិក៕ប្រភព: SCMP៕
