ព្រឹត្តិការណ៍រត់ «ម៉ារ៉ាតុងដើម្បីមនុស្សធម៌» (Run for Charity) ដែលសហការរៀបចំដោយក្រុមហ៊ុន ប៉េង ហួត គ្រុប ក្រសួងព័ត៌មាន និងអង្គភាពសារព័ត៌មាន ASEAN Top ដោយប្រមូលបានថវិកាចំនួន ១០០លានរៀល សម្រាប់ប្រគល់ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីសុខុមាលភាពទារក និងកុមារនៅកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ នៅក្នុងបរិវេណ សួន អេកូ ផាក (Eco Park) ហ្គ្រេនស្តា ផ្លាទីនីម អេកូ ខូលិកសិន (Grand Star Platinum Eco Collection) នៃបុរី ប៉េង ហួត បឹងស្លោ។
ព្រឹត្តិការណ៍នេះមានការគាំទ្រយ៉ាងច្រើនពីសាធារណជនដោយមានអ្នកចុះឈ្មោះចូលរួមរត់ប្រមាណជាង ១៦០០នាក់ និងមានជនបរទេសចំនួន ១៧សញ្ជាតិ ដោយរត់ក្នុងចម្ងាយ ៤.៤គីឡូម៉ែត្រ និង ៦.៦គីឡូម៉ែត្រ។ ក្រៅពីការរត់ អ្នកចូលរួមក៏អាចទស្សនាស្តង់ផលិតផលប្រមាណជា២០ស្តង់ផងដែរ។