មន្រ្តីជាន់ខ្ពស់ជួបថ្នាក់ដឹកនាំក្រុមហ៊ុនចិនធំៗ និងស្នើពួកគេមកសិក្សាលទ្ឋភាពនិងឱកាសវិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា បំពេញទស្សនកិច្ចការងារទៅកាន់ក្រុមហ៊ុនវិនិយោគឆ្នើមៗ នៅក្នុងក្រុងចឹងចូវ និងចូលរួមកិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពី កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន។

កិច្ចពិភាក្សាតុមូលធុរកិច្ចស្តីពី កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងខេត្តហ៊ឺណាន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ចែករំលែកឱកាសនៃការអភិវឌ្ឍ និងពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ហ៊ឺណាន” ជាមួយនឹងគោលបំណង ក្នុងការជំរុញកំណើនសេដ្ឋកិច្ចទៅវិញទៅមក។ ពង្រឹងទំនាក់ទំនងរវាងប្រជាជន និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងចិនទាំងមូល ក៏ដូចជាដើម្បីសិក្សាស្វែងយល់អំពីមុខសញ្ញាវិនិយោគ របស់សហគ្រាសឆ្នើមៗប្រចាំក្រុងចឹងចូវ សរុបប្រមាណជាង១០ក្រុមហ៊ុន និងពិនិត្យលទ្ធភាពទាក់ទាញឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

ដោយឡែកការធ្វើទស្សនកិច្ចទៅកាន់ក្រុមហ៊ុន និងសហគ្រាសខាងលើ គឺដើម្បីធ្វើការសិក្សាស្វែងយល់អំពីបេសកកម្ម ចក្ខុវិស័យ ខ្សែច្រវ៉ាក់ផលិតកម្ម ការគ្រប់គ្រងប្រតិបត្តិការ និងហេដ្ឋារចនាសម្ព័ន្ធនានា។

មានមតិស្វាគមន៍ លោកស្រី Li Fengzhi អភិបាលរងក្រុងចឹងចូវ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញ មកធ្វើទស្សនកិច្ចនៅខេត្តហ៊ឺណាន។ ទន្ទឹមនឹងនេះ លោកជំទាវបានពិពណ៌នា ជូនគណៈប្រតិភូឱ្យបានជ្រាបអំពីបច្ចុប្បន្នភាពថ្មីៗ នៃការអភិវឌ្ឍសង្គម -សេដ្ឋកិច្ចរបស់ក្រុងចឹងចូវ ជាពិសេសការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយដែលមានភាពខ្វាត់ខ្វែង និងតភ្ជាប់ទៅកាន់គ្រប់គោលដៅសំខាន់ៗ នៅទូទាំងផ្ទៃប្រទេស។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការកោតស្ញប់ស្ញែង ជូនចំពោះភាពរីកចម្រើនរបស់ក្រុងចឹងចូវ ក្រោមការដឹកនាំតម្រង់ទិសពីសំណាក់រដ្ឋបាលក្រុង រដ្ឋបាលខេត្ត និងរដ្ឋបាលមជ្ឈិម។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានអញ្ជើញតំណាងសហគ្រាសវិនិយោគ កំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) និងសហគ្រាសឆ្នើមៗដទៃទៀតប្រចាំក្រុងចឹងចូវ ដែលមានមុខសញ្ញាវិនិយោគទាក់ទងនឹងវិស័យហេដ្ឋារចនាសម្ព័ន្ធ, ឧស្សាហកម្ម, យានយន្ត, និងបច្ចេកវិទ្យាឌីជីថល ឱ្យអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា ដើម្បីសិក្សាសមិទ្ធិលទ្ធភាព និងឈានដល់ការពិនិត្យ ឱកាសបណ្តាក់ទុនវិនិយោគ ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នឹងស្វាគមន៍ជានិច្ច ក្នុងការផ្តល់កិច្ចសម្របសម្រួល និងការថែទាំគាំទ្រ ដោយអនុលោមតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា។

ក្រុមហ៊ុនចឹងចូវស៊័ងហ៊ុយហ្វូដ (Zhengzhou Shuanghui Food) គឺជាសហគ្រាសដែលផ្តោតសំខាន់ លើមុខសញ្ញាវិនិយោគពាក់ព័ន្ធនឹងការវេចខ្ចប់ និងកែច្នៃសាច់ស្រស់ ដោយឡែកសហគ្រាសវិនិយោគកំពង់ផែអន្តរជាតិផ្លូវសូត្រ (Silk Road International Port Investment) ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (Belt and Road Initiative – BRI) ផ្តោតលើការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ដែលមានទីតាំងនៅតាមបណ្តោយ ឬជាប់ពាក់ព័ន្ធនឹងគម្រោងផ្លូវសូត្រសម័យទំនើប ជាមួយនឹងគោលបំណង ក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងទំនាក់ទំនងរបស់ប្រទេសចិន ទៅកាន់សកលលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here