ដោយៈ គង់ សូរិយា
ភ្នំពេញៈ អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា និងលោក ណាក់តាផុង សាងួនជិទ អភិបាលខេត្តត្រាត បានប្រជុំពិភាក្សាទ្វេរភាគីស្តីពីការជម្រុញដំណើរការ បើកច្រកទ្វារព្រំដែនស្ពានជ័យជម្នះ (ច១) ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
ច្រកទ្វារព្រំដែននេះ ស្ថិតនៅទល់មុខច្រកឆាំរ៉ាក ស្រុកមឿង ខេត្តត្រាត ដោយមានការចូលរួមពីប្រតិភូខេត្តត្រាត និងខេត្តពោធិ៍សាត់យ៉ាងច្រើនកុះករ។
លោកខូយ រីដា បានបញ្ជាក់អំពីលទ្ធផលផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការ ខេត្តយើងទាំង២ ក្នុងនាមប្រទេសជិតខាង មានទំនាក់ទំនងល្អ ទាំងផ្នែកកងកម្លាំងការពារព្រំដែន រក្សាបាននូវសន្តិសុខ សុវត្ថិភាព បង្កាទប់ស្កាត់បទល្មើស ឧក្រិដ្ឋកម្មឆ្លងដែន គ្រឿងញៀន ការរត់ពន្ធនិងការឆ្លងដែនខុសច្បាប់ ពុំមានកើតនៅក្នុងក្របខណ្ឌនៃខេត្តយើងទាំង២នោះឡើយ។
ចំពោះប្រធានបទដែលអង្គប្រជុំខេត្តទាំង២ ធ្វើការពិភាក្សាគ្នាថ្ងៃនេះ គឺការដំណើរការបើកច្រកទ្វាព្រំដែនស្ពានជ័យជម្នះ (ច១) – ឆាំរ៉ាក។
លោកខូយ រីដាបានលើកឡើងថា យោងតាមស្មារតី នៃកិច្ចប្រជុំអភិបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ លើកទី៨ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ និងកិច្ចប្រជុំរវាងកងទ័ពបញ្ជាការការពារព្រំដែន ច័ន្ទបុរីនិងត្រាត នៃព្រះរាជាណាចក្រថៃ និងយោធភូមិភាគទី៥ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា នៅខេត្តច័ន្ទបុរី នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤កន្លងទៅ គឺបានគាំទ្រ និងជម្រុញឱ្យខេត្តទាំង២ (ពោធិ៍សាត់-ត្រាត) បន្តធ្វើការពិភាក្សា ដើម្បីដំណើរការបើកច្រកទ្វាព្រំដែនស្ពានជ័យជម្នះ (ច១) – ទល់នឹងច្រកឆាំរ៉ាក ខេត្តត្រាត ក្នុងគោលដៅលើកកម្ពស់ កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៃខេត្តទាំង២ (ពោធិ៍សាត់-ត្រាត) ក៏ដូចសម្រាប់ក្របខណ្ឌប្រទេសទាំង២ (កម្ពុជា-ថៃ)។
ជាមួយគ្នានោះ ដើម្បីធានាឱ្យកិច្ចការងារដំណើរការ បើកច្រកទ្វានេះ ទៅបានដោយរលូន រដ្ឋបាលខេត្តពោធិ៍សាត់ បានពិនិត្យ និងត្រៀមរៀបចំអនុវត្តជាជំហានៗដូចជា៖ ធ្វើការកែលម្អ និងជួសជុលដំឡើងកម្រិតផ្លូវ ពីច្រកទ្វាមកតភ្ជាប់ផ្លូវជាតិលេខ៥៥ ការរៀបចំទីតាំងសម្រាប់បម្រើឱ្យសមត្ថកិច្ចពាក់ព័ន្ធធ្វើ និងកិច្ចការចាំបាច់ផ្សេងៗមួយចំនួនទៀត។
ជាការឆ្លើយតបលោក ណាក់តាផុន សាងួនជិទ អភិបាលខេត្តត្រាត បានជម្រាបជូនថា ថ្ងៃនេះលោកបានដឹកនាំប្រតិភូមកប្រជុំ ដើម្បីពិភាក្សាលើបញ្ហាបើកច្រកទ្វារព្រំដែន(ច១)ឃុំថ្មដាស្រុកវាលវែង ខេត្តពោធិ៍សាត់ ទល់មុខនឹងច្រកឆាំរ៉ាក របស់ខេត្តត្រាត នៃព្រះរាជាណាចក្រថៃ ក្នុងគោលបំណងពិនិត្យមើលឱ្យឃើញថា ខេត្តពោធិ៍សាត់មានសក្តានុពលលើវិស័យអ្វីខ្លះ ដើម្បីបម្រើផលប្រយោជន៍ ជូនដល់ខេត្តទាំង២ទទួលបានចំណូល។
ជាទូទៅប្រជាជនថៃ ក៏ទទួលបានចំណូលផងដែរ លើវិស័យទេសចរណ៍ ដែលមានប្រជាជនកម្ពុជា ចូលទៅទស្សនាកំសាន្តនៅខេត្តត្រាត ក៏ដូចជាការផ្លាស់ប្តូរទំនិញគ្នា ទៅវិញទៅមក។ ហើយចំពោះបញ្ហាបើកច្រកទ្វាព្រំដែននេះ ប្រមុខរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានជជែករួចហើយ និងប្រគល់ជូនថ្នាក់ក្រោមជាតិ ពិភាក្សាគ្នាបន្តដោះស្រាយ៕