ក្រុមហ៊ុនផលិតគ្រឿងសង្ហារឹមលំដាប់ពិភពលោកសិក្សាលទ្ឋភាព វិនិយោគនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ប្រតិភូក្រុមហ៊ុនIKEA ដឹកនាំដោយលោក GIAFAR SAFAVERDI នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញបំណងមកវិនិយោគនៅកម្ពុជា។

    ព័ត៌មាននេះត្រូវបានលើកឡើងក្នុងឱកាស លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានអនុញ្ញាត្តឲ្យថ្នាក់ដឹកនាំក្រុមហ៊ុននេះ នទទួលជួបពិភាក្សាការងារកាលពីថ្ងៃទី១៩ មិនា។

លោកអគ្គលេខាធិការបានស្វាគមន៍ គណៈប្រតិភូក្រុមហ៊ុនដែលបានអញ្ជើញមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីបរិយាកាស និងសក្តានុពលវិនិយោគនៅកម្ពុជា។

លោកអគ្គលេខាធិការ បានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីគោលនយោបាយ ទាក់ទាញការវិនិយោគឯកជនរបស់កម្ពុជា របបនៃការលើកទឹកចិត្ត ដែលពោរពេញដោយភាពទាក់ទាញក្រោមច្បាប់ស្តីពីវិនិយោគបច្ចុប្បន្ន ប្រព្រឹត្តិកម្មស្មើភាពដោយគ្មានការរើសអើង និងវិធានការគាំទ្រនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់ដើម្បីធ្វើឱ្យបរិយាសវិនិយោគ និងធុរកិច្ចនៅកម្ពុជាកាន់តែប្រសើរឡើង បូករួមជាមួយកត្តាអំណោយផលផ្សេងៗទៀត។

ទន្ទឹមនឹងនេះ លោកជា វុទ្ឋី ក៏បានជំរុញលើកទឹកចិត្តដល់លោក GIAFAR SAFAVERDI តំណាងក្រុមហ៊ុនIKEA រួសរាន់ក្នុងការសម្រេចចិត្តបណ្តាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីឆាប់ទទួលបានផលចំណេញ។

ជាការឆ្លើយតប លោកGIAFAR SAFAVERDI បានថ្លែងថា នេះជាលើកទី១ ដែលក្រុមហ៊ុនIKEA ចាប់ផ្តើមសម្លឹងមើលទីផ្សារវិនិ​យោគនៅកម្ពុជា ដើម្បីពង្រីកការវិនិយោគរបស់ខ្លួន។

ក្រុមហ៊ុន IKEA គឺជាក្រុមហ៊ុនវិនិយោគផលិតគ្រឿងសង្ហារិម និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះដ៏ធំមួយ នៅក្នុងពិភពលោកដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៤៣ នៅប្រទេសស៊ុយអ៊ែត។

នៅក្នុងឆ្នាំ២០២៤ ក្រុមហ៊ុន IKEA មានប្រាក់ចំណូលរហូតដល់ទៅប្រមាណ២៦,៥ពាន់លានអឺរ៉ូ ស្មើនឹងប្រមាណ២៩ពាន់លានដុល្លារអាម៉េរិក។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុនIKEA បានមានសកម្មភាពវិនិយោគ ក្នុងប្រទេសមួយចំនួន ដូចជា សិង្ហបុរី ម៉ាឡេស៊ីឥណ្ឌូនេស៊ី ថៃ និងវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here