ដំណឹងល្អៈ នៅទីបំផុតសង្រ្គាមរុស្ស៊ី អ៊ុយក្រែបានត្រៀមបញ្ចប់ហើយក្រោមការសម្របសម្រួលពីលោកត្រាំ

0

ដោយៈ គង់ សូរិយា

    អន្តរជាតិៈ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី និងសមភាគីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃទី១៩ ខែមីនា បានឯកភាពធ្វើការជាមួយគ្នា ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ដែលបានអូសបន្លាយរយៈពេលជាង៣ឆ្នាំ។

ទន្ទឹមនេះ មន្រ្តីអាមេរិក និងអ៊ុយក្រែន អាចជួបគ្នានៅទឹកដីអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗ។

បន្ទាប់ពីកិច្ចសន្ទនារវាងលោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានឯកភាពបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឯកភាពជាមួយលោក ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។

មន្រ្តីបច្ចេកទេសនៃប្រទេសទាំងពីរ នឹងជួបគ្នានៅទឹកដីអារ៉ាប៊ីសាអូឌីតក្នុងពេលឆាប់ៗខាងមុខ។

លោកហ្សេលេនស្គីបានបញ្ជាក់ថា “ជំហានដំបូងសម្រាប់ការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន គឺបញ្ឈប់ការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងថាមពលផ្សេងទៀត”។

លោក ហ្សេលេនស្គី បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៨ ខែមីនា ក្រោយកិច្ចសន្ទនា តាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ជុំវិញការឯកភាពបញ្ឈប់ការវាយប្រហារ លើហេដ្ឋារចនាសម្ព័ន្ធថាមពល ហើយទទួលបទឈប់បាញ់ សម្រាប់កងទ័ពជួរមុខ ដោយគ្មានលក្ខខណ្ឌ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។

លោកហ្សេលេនស្គី អ៊ុយក្រែន ត្រៀមខ្លួនជាស្រេច ក្នុងការអនុវត្តបទឈប់បាញ់។

កន្លងមក លោក វ្លាឌីមៀ ពូទីន បានលើកឡើងថា បទឈប់បាញ់ ត្រូវតែចរចាឱ្យហ្មត់ចត់ ដើម្បីបង្ការអ៊ុយក្រែន បំពាក់អាវុធឡើងវិញ។

នៅក្នុងកិច្ចសម្ភាសមួយជាមួយអ្នកសារព័ត៌មាន ក្នុងថ្ងៃទី១៩ ខែមីនា ដដែល ប្រធានាធិបតីអ៊ុយក្រែន បានអះអាងថា លោក ត្រាំ បានយល់ពីអ៊ុយក្រែន ហើយមិនទទួលស្គាល់ដែនដី ដែលរុស្ស៊ីគ្រប់គ្រងឡើយ។

បើទោះលោក ត្រាំ និងលោក ពូទីន បានយល់ព្រមបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលក្តី ពាក្យចោទប្រកាន់គ្នាទៅវិញទៅមកលើការវាយប្រហារបន្តមាន។

ទីក្រុងមូស្គូ បានការពារថា ខ្លួនបានផ្អាកគម្រោងវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន និងបានកម្ទេចដ្រូនរបស់ខ្លួនចំនួន៧ថែមទៀត ខណៈអ៊ុយក្រែនបរាជ័យ លើការផ្អាកការវាយប្រហារតាមផែនការរបស់ខ្លួន។ ចំណែកលោក ហ្សេលេនស្គី បានចោទរុស្ស៊ី បន្តវាយប្រហារលើរោងចក្រអគ្គិសនីរបស់អ៊ុយក្រែន។

ទោះបីលោក ត្រាំ និងលោក ពូទីន បានយល់ព្រមបញ្ឈប់ការវាយប្រហារលើរោងចក្រថាមពលក្តី ពាក្យចោទប្រកាន់គ្នាទៅវិញទៅមកលើការវាយប្រហារបន្តមាន។

នៅថ្ងៃទី១៩ ខែមីនា អ៊ុយក្រែន និងរុស្ស៊ី ដែលមានការសម្របសម្រួលពីអេមីរ៉ាតអារ៉ាប់រួម បានដោះដូរអ្នកទោសសង្រ្គាមម្ខាងៗ ១៧៥នាក់ ហើយរុស្ស៊ីបានអះអាងថា ខ្លួនបានដោះលែងជនជាតិអ៊ុយក្រែនដែលរងរបួសចំនួន២២បន្ថែម ដើម្បីបង្ហាញពីកាយវិការដ៏ល្អរបស់ខ្លួន។ ការដោះលែងនេះ កើតមានក្រោយកិច្ចពិភាក្សារវាងលោក ត្រាំ និងលោកពូទីនតាមទូរសព្ទ។

មកទល់ពេលនេះ សង្រ្គាមនៅអ៊ុយក្រែន បានឈានចូលឆ្នាំទី៤ហើយ ដោយទាហាននិងប្រជាជនស៊ីវិលរ៉ាប់ម៉ឺននាក់ បានស្លាប់បាត់​បង់ជីវិត ហើយរងរបួស។ ដែនដីអ៊ុយក្រែន ប្រមាណ២០ភាគរយ ត្រូវបានរុស្ស៊ីគ្រប់គ្រង៕

LEAVE A REPLY

Please enter your comment!
Please enter your name here