តើរដ្ឋបាលលោក ដូណាល់ ត្រាំ បានដំឡើងពន្ធទៅលើបណ្តាប្រទេសណាខ្លះ ហើយវាបង្កភាពច្របូកច្របល់អ្វីខ្លះដល់ពិភពលោក?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គិតចាប់​តាំង​ពី​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ២០២៥ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានដាក់ពន្ធគយទៅលើការនាំចូលទំនិញមកពីបណ្តាប្រទេសនានាជាច្រើនរាប់មិនអស់នៅទូទាំងពិភពលោក។

យោងតាមការចុះផ្សាយថ្មីចុងក្រោយរបស់កាសែត New York Times បានបង្ហាញថា សហរដ្ឋអាមេរិកបានដំឡើងពន្ធចំនួន២០ភាគរយលើការនាំចូលទំនិញទាំងអស់មកពីប្រទេសចិន ដែលបានចូលជាធរមាននៅថ្ងៃទី៤ ខែមីនា។

ជាមួយគ្នានេះ ទីក្រុងវ៉ាសុីនតោនបានដំឡើងពន្ធចំនួន២៥ភាគរយលើការនាំចូលទំនិញភាគច្រើនមកពីប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ដែលបានចូលជាធរមាននៅថ្ងៃទី៦ ខែមីនា។ទំនិញជាប់ពន្ធទាំងនោះមិនស្ថិតនៅក្រោមកតិកាសញ្ញាពាណិជ្ជកម្ម USMCA នោះទេ។

លើសពីនេះ បណ្តាប្រទេសទាំងអស់នៅលើពិភពលោក ដែលនាំចូលអាលុយមីញ៉ូម និងដែកទៅកាន់សហរដ្ឋអាមេរិកត្រូវបង់ពន្ធចំនួន២៥ភាគរយ ដែលបានចូលជា​ធរមាននៅថ្ងៃទី១២ ខែមីនា។

លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះក៏បានគំរាមយកពន្ធចំនួន២០០% លើស្រា និងគ្រឿងស្រវឹងនាំចូលពីតំបន់អឺរ៉ុប ក្រោយប្លុកនេះគ្រោងដំឡើងពន្ធលើស្រាវីស្គី និងផលិតផលមួយចំនួនទៀតរបស់អាមេរិក នៅខែមេសា ដើម្បីឆ្លើយតបនឹងការដំឡើងពន្ធចំនួន២៥ភាគរយ របស់លោក ត្រាំ លើការនាំចូលដែកថែប និងអាលុយមីញ៉ូម។

ប្រទេសកាណាដា ដែលជាអ្នកផ្គត់ផ្គង់ដែកថែប និងអាលុយមីញ៉ូមដ៏ធំបំផុតទៅកាន់ អាមេរិកបានប្រកាសដំឡើងពន្ធចំនួន២៥% លើផលិតផលរបស់អាមេរិក ដូចជាផលិតផលលោហៈ កុំព្យូទ័រ សម្ភារៈកីឡា និងផលិតផលមួយចំនួនទៀត។

ជាមួយគ្នានេះ សហភាពអឺរ៉ុប ក៏បានប្រកាសដំឡើងពន្ធលើការនាំចូលម៉ូតូ សាច់គោ បសុបក្សី ផលិតផលស្រា និងខោខូវប៊យរបស់អាម៉េរិក ផងដែរ។

ដោយឡែក ប្រទេសចិនបាន​ដំឡើងពន្ធគយចន្លោះពី១០%ទៅ១៥% ចំពោះទំនិញកសិកម្ម​ និង​ផលនេសាទ​របស់អាមេរិក។

ជាក់ស្តែង ទំនិញ​កសិកម្ម​អាមេរិក ដូចជា សណ្តែក សាច់ជ្រូក សាច់គោ គ្រឿង​សមុទ្រ ផ្លែឈើ និង​បន្លែ ព្រមទាំង​ផលិតផល​ទំនិញ​ធ្វើ​ពី​ទឹកដោះ​សត្វ​ នឹងត្រូវបង់​ពន្ធចំនួន១០ភាគរយ។ ចំណែក ការនាំចូលសាច់មាន់ ស្រូវ​សាឡី ពោត និងកប្បាស ត្រូវបានគយ​ចិនដំឡើង​ពន្ធចំនួន១៥ភាគរយ។

តើគោលនយោបាយដំឡើងពន្ធរបស់លោក ដូណាល់ ត្រាំ បង្កការច្របូកច្របល់ដូចម្តេចដល់ពិភពលោក?។

មកទល់ពេលនេះ មិនទាន់មានការវាយតម្លៃណាមួយអំពីទំហំផលប៉ះពាល់គិតជាទឹកប្រាក់ ដែលបណ្តាលមកពីការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកនេះនៅឡើយទេ។

អ្វីដែលគេអាចដឹងនៅពេលនេះត្រឹមថា ការកំណត់ពន្ធថ្មីនេះនឹងធ្វើឱ្យក្រុមហ៊ុនជាច្រើនប្រឈមមុខនឹងការខាតបង់ប្រាក់រាប់ពាន់លានដុល្លារ និងបង្កើតឱ្យមានភាពមិនច្បាស់លាស់បន្ថែមទៀតនៅក្នុងភាពជាដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ពិភពលោក។

គោលនយោបាយពន្ធគយរបស់លោកប្រធានាធិបតី ត្រាំ បានធ្វើឱ្យអ្នកវិនិយោគមានការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច ដែលបានជំរុញឱ្យទីផ្សារភាគហ៊ុនអាមេរិក S&P 500 រងការខាតបង់អស់ទំហំទឹកប្រាក់ចំនួន៤ទ្រីលានដុល្លារកាលពីខែមុន ដោយសារការសម្រុកលក់ភាគហ៊ុនចេញ។

ជាមួយគ្នានេះ ទីភ្នាក់ងារវាយតម្លៃឥណទានខ្នាតយក្ស Moody’s បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងថយចុះមកនៅត្រឹម២,៤ភាគរយក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។កំណើននេះមានការធ្លាក់ចុះបើធៀបនឹងអត្រាកំណើនសេដ្ឋកិច្ចសកលចំនួន២,៧ភាគរយក្នុងឆ្នាំ២០២៤។

ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេទី២របស់ពិភពលោក ត្រូវបានគេរំពឹងថា នឹងសម្រេចបានកំណើន GDP ត្រឹមតែ៤,២ភាគរយ នៅឆ្នាំ២០២៥ និង៣,៨ភាគរយ ក្នុងឆ្នាំ២០២៦ ដោយសារសម្ពាធនៃសង្រ្គាមពាណិជ្ជកម្ម នឹងធ្វើឱ្យគោលដៅកំណើនសេដ្ឋកិច្ចប្រកបដោយមហិច្ឆតារបស់ទីក្រុងប៉េកាំងក្នុងរង្វង់៥ភាគរយកាន់តែពិបាកក្នុងការសម្រេចបាន។

ទន្ទឹមនឹងនេះដែរ កំណើនសេដ្ឋកិច្ចនៅតំបន់អឺរ៉ុប និងប្រទេសជប៉ុននឹងមានសភាពប្រសើរឡើងបន្តិចបន្តួចប៉ុណ្ណោះ។

ចំណែក កំណើនផលទុនជាតិសរុបរបស់ប្រទេសឥណ្ឌានឹងរក្សាស្ថិរភាពក្នុងរង្វង់ត្រឹមតែ៦,៥ភាគរយក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលប្រហាក់ប្រហែលគ្នានឹងលទ្ធផលកាលពីឆ្នាំ២០២៤៕ប្រភព: Reuters & New York Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here