ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហ្សាការតាបន្តមានសន្ទុះរីកចម្រើន ទោះបីជាមានភាពមិនប្រាកដប្រជាជាសកល

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូនេសុីបង្ហាញពីភាពធន់ ស្របពេលដែលមានការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច និងភាពមិនច្បាស់លាស់ជាសកល។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL បានព្យាករណ៍ថា ទីផ្សារការិយាល័យនៅទីក្រុងហ្សាការតានឹងបន្តទទួលបានអត្ថប្រយោជន៍ ស្របពេលដែលបណ្តាក្រុមហ៊ុននានាកំពុងស្វែងរកបន្ទប់ការិយាល័យមានគុណភាពខ្ពស់ និងការផ្អាកការផ្គត់ផ្គង់អគារការិយាល័យថ្មីៗ ដែលនាំឱ្យតម្លៃជួលមានស្ថិរភាព។

ជាក់ស្តែង អត្រាគ្របដណ្តប់ការជួលការិយាល័យគ្រប់កម្រិតទាំងអស់នៅទីក្រុងហ្សាការតា(Occupancy Rate)បានស្ថិតក្នុងរង្វង់ជាមធ្យមប្រហែល៧០ភាគរយ។នេះបើយោងតាមគេហទំព័រក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL។

ចំពោះទីផ្សារលំនៅដ្ឋាន ក្រុមហ៊ុន JLL អះអាងថា បណ្តាអ្នកទិញយូនីតខុនដូភាគច្រើនបន្តចាប់អារម្មណ៍លើគម្រោងស្ថិតនៅក្នុងទីតាំងសំខាន់ៗ ដែលមិនសូវមានការប្រកួតប្រជែងខ្លាំងក្លា និងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យប្រើប្រាស់ចម្រុះ(Mixed-use) ដែលស្ថិតនៅជិតប្រព័ន្ធដឹកជញ្ជូនសាធារណៈ។

ទន្ទឹមនឹងនេះ តម្រូវការលំនៅដ្ឋានជាប់ដី(Landed Home) ដែលមានតម្លៃក្រោម២ពាន់លានរូពៀ(ប្រហែល១២១.០១៨ដុល្លារអាមេរិក)ក្នុងមួយយូនីតត្រូវបានគេរំពឹងថា នឹងនៅតែបន្តមានសភាពរឹងមាំល្អប្រសើរ។

តម្រូវការនេះនឹងត្រូវបានជំរុញបន្ថែមទៀត ខណៈរដ្ឋាភិបាលឥណ្ឌូនេសុីបានប្រកាសលើកលែងអាករលើតម្លៃបន្ថែម(VAT) ចំពោះការទិញលំនៅដ្ឋានដែលមានតម្លៃក្រោម២ពាន់លានរូពៀ រហូតដល់ខែមិថុនា ឆ្នាំ២០២៥។

ចំពោះទីផ្សារអចលនទ្រព្យបែបឧស្សាហកម្ម ក្រុមហ៊ុន JLL បានវាយតម្លៃថា ការជួលឃ្លាំងស្តុកទំនិញទំនើបអាចប្រឈមមុខនឹងសម្ពាធនៃការផ្គត់ផ្គង់ថ្មី ជាពិសេសនៅភាគខាងកើតនៃទីក្រុងហ្សាការតា។ ចំណែក ដីឧស្សាហកម្មនឹងបន្តទាក់ទាញចំណាប់អារម្មណ៍អ្នកវិនិយោគបរទេស ដោយសារឥទ្ធិពលនៃយុទ្ធសាស្ត្រចិនបូក១ ឬ “China+1”។

ដោយឡែក កង្វះបន្ទប់សណ្ឋាគារថ្មីៗនៅក្នុងទីក្រុងហ្សាការតាសម្រាប់រយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ត្រូវបានគេរំពឹងថា នឹងគាំទ្រដល់តម្លៃស្នាក់នៅ និងប្រាក់ចំណេញរបស់ម្ចាស់អាជីវកម្មសណ្ឋាគារ។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកល JLL៕ប្រភព: JLL៕

LEAVE A REPLY

Please enter your comment!
Please enter your name here