ក្រុមហ៊ុនផលិតខោខូវប៊យចិនគ្រោងបង្កើតរោងចក្រនៅជិតរាជធានីភ្នំពេញក្នុងឆ្នាំ២០២៥នេះ

0

ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនផលិតទំនិញវាយនភ័ណ្ឌ Panther Denim របស់ប្រទេសចិនបានប្តេជ្ញាចិត្តក្នុងការផ្តល់ជូននូវខោខូវប៊យដែលមានគុណភាពខ្ពស់សម្រាប់ទីផ្សារក្នុងស្រុករបស់ខ្លួន និងពង្រីកអាជីវកម្មមួយនេះទៅក្រៅប្រទេស។

បច្ចុប្បន្ន ក្រុមហ៊ុន Panther Denim មានសមត្ថភាពផលិតក្រណាត់អំបោះ ក្រណាត់ប៉ាក់ និងក្រណាត់បោះពុម្ពជាច្រើនក្នុងមួយឆ្នាំៗ និងមានបុគ្គលិកជាង២.០០០នាក់នៅទូទាំងពិភពលោក។

ជាមួយគ្នានោះ ក្រុមហ៊ុន Panther Denim គ្រោងឈានជើងចូលទីផ្សារកម្ពុជានៅចុងឆ្នាំ២០២៥នេះ តាមរយៈការបង្កើតរោងចក្រថ្មីមួយនៅជិតរាជធានីភ្នំពេញ ដោយផ្តោតលើការផលិតថាមពលកកើតឡើងវិញ និងការកែច្នៃកាកសំណល់ឡើងវិញ។

លោក Tim Huesemann នាយកផ្នែកលក់នៅក្រុមហ៊ុន Panther Denim បានចាត់ទុកគម្រោងបង្កើតរោងចក្រនៅកម្ពុជាថា ជារោងចក្រប្រកបដោយនិរន្តរភាពបំផុតមួយក្នុងចំណោមរោងចក្រនិរន្តរភាពផ្សេងទៀតរបស់ក្រុមហ៊ុន Panther Denim។

លោក Huesemann បានកត់សម្គាល់ថា “ការផ្គត់ផ្គង់កម្លាំងពលកម្មនៅប្រទេសកម្ពុជាមានស្ថិរភាពល្អប្រសើរ មិនដូចបណ្តាប្រទេសអាស៊ានមួយចំនួន ដែលកំពុងជួបប្រទះបញ្ហាកង្វះកម្លាំងពលកម្ម និងការកើនឡើងនូវថ្លៃដើមប្រតិបត្តិការ”។

លោកបានមានប្រសាសន៍ឱ្យដឹងបន្តថា “ប្រទេសកម្ពុជាមានសក្តានុពលដ៏ធំធេងសម្រាប់ការផលិតខោខូវប៊យ។ប្រតិបត្តិការរបស់យើងនៅក្នុងប្រទេសកម្ពុជានឹងមានភាពឯករាជ្យពីរោងចក្រនៅប្រទេសចិន ដោយធានាថា ផលិតកម្មដែលមានស្រាប់របស់យើងនឹងមិនរងផលប៉ះពាល់”។

កិច្ចព្រមព្រៀងពាណិជ្ជកម្មជាកត្តាដ៏សំខាន់មួយទៀត ដែលនាំឱ្យក្រុមហ៊ុន Panther Denim សម្រេចចិត្តឈានជើងចូលទីផ្សាររបស់កម្ពុជា។

កិច្ចព្រមព្រៀងទាំងនេះរួមមានដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនឹងលើកកម្ពស់ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារអាស៊ី។

ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េខាងត្បូង នឹងកាត់បន្ថយ ឬលុបបំបាត់របាំងពន្ធគយលើការដោះដូរទំនិញរវាងប្រទេសទាំងពីរ ដោយជំរុញពាណិជ្ជកម្ម និងការវិនិយោគឱ្យកាន់តែរឹងមាំ។

លោក Huesemann បានបន្ថែមថា “ការពង្រីកខ្លួននៅក្នុងប្រទេសកម្ពុជាផ្តល់ឱ្យយើងនូវឱកាសដើម្បីទាញយកសក្តានុពលពីទីផ្សារ ដែលកំពុងរីកចម្រើន និងបន្តផ្តល់អាទិភាពដល់និរន្តរភាព និងការច្នៃប្រឌិតនៅលើគ្រប់ទិដ្ឋភាពអាជីវកម្មរបស់យើង”៕ប្រភព: Yahoo Finance៕

LEAVE A REPLY

Please enter your comment!
Please enter your name here