ដោយៈ ម៉ាណា
ភ្នំពេញៈ តបតាមសំណើរបស់តំណាងក្រុមហ៊ុន Mitsui &Co.លោកឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសមាជិកតុជប៉ុនបានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Mitsui &Co. ដឹកនាំដោយលោក Takuma Yatsui។
ជាកិច្ចចាប់ផ្តើម លោកទីប្រឹក្សា បានស្វាគមន៍តំណាងក្រុមហ៊ុន Mitsui &Co. ដែលបានអញ្ជើញមកធ្វើទស្សនកិច្ច សិក្សាយល់ពីកាលានុវត្តភាពវិនិយោគរបស់កម្ពុជា។
-->

លោកបានជម្រាបជូនតំណាងក្រុមហ៊ុន Mitsui &Co. ដោយសង្ខេបអំពីរចនាសម្ព័ន្ធ គ្រប់គ្រងរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ច្បាប់ស្តីពីការវិនិយោគកម្ពុជា សក្តានុពលតាមវិស័យ និងវឌ្ឍនភាពនៃវិនិយោគជប៉ុននៅកម្ពុជា។
លោកបានស្នើដល់លោក Takuma Yatsui ធ្វើការពិចារណាចំពោះការវិនិយោគនៅកម្ពុជា ។
ជាការឆ្លើយតបលោក Takuma Yatsui បានសម្តែងនូវការចាប់អារម្មណ៍ចំពោះការវិនិយោគផ្នែកកសិឧស្សាកម្ម ជាពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី និងការកែច្នៃជ័រកៅស៊ូនៅក្នុងប្រទេសកម្ពុជាផងដែរ។ តំណាងក្រុមហ៊ុន Mitsui &Co. ក៏បានលើកឡើងផងដែរថាកម្ពុជាជាប្រទេសសក្តានុពលមួយ ក្នុងចំណោមបណ្តាប្រទេសតំបន់ អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគជប៉ុន មកធ្វើការបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕
