ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញអចលនទ្រព្យជើងចាស់ចំនួន៧រូប នឹងធ្វើការចែករំលែកពីបច្ចុប្បន្នភាព និងឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យនៅថ្ងៃទី៣១ មិខាខាងមុខនេះ។
កម្មវិធីនេះ នឹងប្រារពធ្វើនៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា ជប៉ុន(CJCC) ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២នាទីរសៀល និងអនុញ្ញាត្តឲ្យអ្នកចាប់អារម្មណ៍ក្នុងវិស័យនេះ ចូលរួមដោយឥតគិតថ្លៃ។
-->
វាគ្មិនសំខាន់ៗចូលរួមចែករំលែកបទពិសោធន៍ និងឱកាសទីផ្សារក្នុងពិធីនេះរួមមាន លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង លោកឧកញ៉ាសន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកឧកញ៉ាចេង ខេងប្រធានក្រុមហ៊ុនអចលនទ្រព្យCPL លោកស្រីតាំង ហួរអគ្គនាយិកាក្រុមហ៊ុនAmatak Property Service Co, Ltd លោកស៊ា ឆៃលីន អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ារៀលធី លោកសៅ ហុក អគ្គនាយកក្រុមហ៊ុនKRE ប្រចាំខេត្តព្រះសីហនុ លោកកែវ សុធារ៉ាអ្គនាយកក្រុមហ៊ុនKRE ប្រចាំខេត្តសៀមរាប។
កម្មវិធី “បច្ចុប្បន្នភាពនៃឧស្សាហកម្មអចលនទ្រព្យនៅកម្ពុជា” រៀបចំឡើងដោយបុរីវិមានសំណាង សហការជាមួយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រសាសន៍ឲ្យដឹងកាលពីរាត្រីថ្ងៃទី១៨ មិនានេះថា គោលដៅនេះនៃកម្មវិធីនេះ ធ្វើឡើងដើម្បីអភិវឌ្ឍន៍ និងជួយដល់ទីផ្សារដីធ្លីនៅកម្ពុជា ស្របពេលឆ្នាំ២០២៥នេះ សញ្ញានៃការទិញ លក់ជួលបានងើបឡើងវិញ ធៀបជាមួយនឹងឆ្នាំ២០២៣ ២០២៤កន្លងមក។
លោកឧកញ៉ាបានបញ្ជាក់ថា “នៅពេលឃើញស្ថានភាពនៃការទិញ លក់ងើបឡើងវិញ បុរីវិមាន សំណាងបានអញ្ជើញថ្នាក់ដឹកនាំសមាគមCVEA រួមគ្នាធ្វើកម្មវិធីនេះ”។ លោកបន្ថែមថា “គោលដៅរបស់យើង គឺរួមគ្នាជម្រុញទីផ្សារ និងផ្តល់ព័ត៌មានវិជ្ជមាននៅក្នុងទីផ្សារនេះ”៕