ហេតុ​អ្វី​បាន​ជា​ប្រជាជន​កូរ៉េ​ខាងត្បូងសម្រុកទៅទិញ​អចលនទ្រព្យ​នៅ​ក្នុងប្រទេសជប៉ុន?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រជាជនកូរ៉េខាងត្បូង ដែលមានទ្រព្យស្តុកស្តម្ភកំពុងសម្រុកស្វែងរកទិញអចលនទ្រព្យនៅក្នុងប្រទេសជប៉ុន ដោយសារតែការវិនិយោគអចលនទ្រព្យនៅជប៉ុនមានតម្លៃសមរម្យ និងទទួលបានផលចំណេញច្រើនបើធៀបនឹងទីផ្សារក្នុងស្រុក។

ការដាំក្បាលចុះនៃប្រាក់យ៉េនបាននិងកំពុងទាក់ទាញប្រជាជនកូរ៉េខាងត្បូងឱ្យដកសាច់ប្រាក់ពីធនាគារក្នុងស្រុក ឬស្នើសុំប្រាក់កម្ចីពីធនាគារនានាក្នុងប្រទេសជប៉ុនដើម្បីទិញអចលនទ្រព្យ។

បណ្តាអ្នកវិនិយោគកូរ៉េត្រូវបានគេរំពឹងថា នឹងងាកទៅទិញអចលនទ្រព្យនៅក្នុងប្រទេសជប៉ុនក្នុងមួយរយៈពេលនេះ ដោយសារតែប្រាក់យ៉េនបានបន្តធ្លាក់ថ្លៃចុះ បើទោះបីជាធនាគារកណ្តាលជប៉ុន(BOJ)បានដំឡើងអត្រាការប្រាក់នាពេលថ្មីៗនេះយ៉ាងណាក្តី។

ពពុះនៃទីផ្សារលំនៅដ្ឋាន និងការដាក់ចេញបទប្បញ្ញត្តិដ៏តឹងរុឹងនៅក្នុងប្រទេសកូរ៉េខាងត្បូង កំពុងជំរុញឱ្យប្រជាជនកូរ៉េខាងត្បូងដើរចេញពីទីផ្សារក្នុងស្រុកឆ្ពោះទៅកាន់ទីផ្សារជប៉ុន។

លោក Kwon Dae-jung សាស្ត្រាចារ្យផ្នែកអចលនទ្រព្យនៅសាកលវិទ្យាល័យ Sogang បានលើកឡើងថា “អ្នកទិញប្រហែលជាមិនចង់បាត់បង់ឱកាសនៃការទិញអចលនទ្រព្យនៅក្នុងប្រទេសជប៉ុននោះទេ ព្រោះអចលនទ្រព្យនៅទីនោះមានតម្លៃសមរម្យ និងផ្តល់ប្រាក់ចំណេញខ្ពស់”។

យោងតាមទិន្នន័យបានបង្ហាញថា ជនជាតិកូរ៉េខាងត្បូងបានផ្ញើប្រាក់សរុបចំនួន៣៩,២លានដុល្លារទៅកាន់ប្រទេសជប៉ុនសម្រាប់ទិញអចលនទ្រព្យនៅទីនោះកាលពីឆ្នាំ២០២៤។ចំនួននេះមានការកើនឡើងជិត៣ដងបើធៀបនឹងចំនួន១៣,១លានដុល្លារក្នុងឆ្នាំ២០២៣។

ជាពិសេស ការផ្ទេរប្រាក់ទៅកាន់ប្រទេសជប៉ុនកាលពីឆ្នាំមុនបានគ្របដណ្តប់ចំណែក៩,៤ភាគរយនៃទំហំទឹកប្រាក់សរុប ដែលជនជាតិកូរ៉េខាងត្បូងបានផ្ញើទៅក្រៅប្រទេសសម្រាប់ការទិញអចលនទ្រព្យ។

អត្រានេះជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៧ឆ្នាំចុងក្រោយ។ នេះបើយោងតាមក្រសួងហិរញ្ញវត្ថុកូរ៉េខាងត្បូង។

យោងតាមអ្នកជំនាញអចលនទ្រព្យមួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះបានទម្លាយឱ្យដឹងថា តម្រូវការអចលនទ្រព្យរបស់ប្រទេសជប៉ុនអាចនឹងបន្តកើនឡើង ដោយសារការវិនិយោគអចលនទ្រព្យនៅជប៉ុនអាចទទួលបានប្រាក់ចំណេញខ្ពស់ និងមានតម្លៃសមរម្យជាងអចលនទ្រព្យនៅទីក្រុងសេអ៊ូល។

អ្នកជំនាញរូបនោះបាន​បន្ត​ថា​ “ជា​ឧទាហរណ៍ ការ​ទិញ​អាផាតមុិន​នៅក្នុង​សង្កាត់​ ដែល​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​សាធារណៈ ផ្សារ​ទំនើប និង​មន្ទីរពេទ្យ​ក្នុង​ទីក្រុង​សេអ៊ូល ​ត្រូវ​ចំណាយ​ប្រាក់​ជាង១ពាន់​លាន​វ៉ុន(ប្រហែល៦៨៩.០០០ ដុល្លារ)”។

ផ្ទុយទៅវិញ ប្រជាជនកូរ៉េខាងត្បូងជាច្រើនអាចទិញយូនីតអាផាតមុិនបែបនេះក្នុងតម្លៃក្រោម១ពាន់លានវ៉ុននៅទីក្រុងតូក្យូ និងតំបន់ទីប្រជុំជនផ្សេងទៀតនៅប្រទេសជប៉ុន៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here