ទីក្រុងហូជីមិញគ្រោងនឹងបង្កើតតំបន់ទេសចរណ៍ខ្នាតយក្សនៅតាមបណ្តោយទន្លេ Saigon

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមកាសែត Vnexpress បានរាយការណ៍ថា ប្រទេសវៀតណាមគ្រោងបង្កើតតំបន់សួនកម្សាន្តថ្មីមួយនៅតាមបណ្តោយមាត់ទន្លេ Saigon ក្នុងទីក្រុងហូជីមិញដើម្បីប្រែក្លាយជាមជ្ឈមណ្ឌលវប្បធម៌ និងការកម្សាន្ត។

គម្រោងនេះត្រូវបានស្នើឡើងរួមគ្នាដោយក្រុមហ៊ុនវៀតណាម Thu Duc Marine និងក្រុមហ៊ុនកាណាដា Scene Plus។ ឧទ្យាននេះនឹងលាតសន្ធឹងលើផ្ទៃដីចំនួន៥ហិកតានៅតាមបណ្តោយទន្លេ Saigon ចាប់ពីផ្លូវរូងក្រោមដី Thu Thiem រហូតដល់ស្ពានអាកាសស្ថិតនៅក្បែរនោះ។

ឧទ្យាននេះត្រូវបានចែកចេញជាតំបន់ចំនួន៧ផ្សេងគ្នា រួមមានតំបន់រៀបចំឆាកព្រឹត្តិការណ៍ រោងកុនជាប់មាត់ទន្លេ ផែទូក និងតំបន់សម្រាប់រៀបចំមហោស្រព
ភាពយន្ត និងការសម្តែងសិល្បៈ។

យោងតាម​សំណើ​បានឱ្យដឹងថា ឧទ្យាន​នេះ​នឹង​ត្រូវ​អភិវឌ្ឍ​ន៍ជា៣ដំណាក់កាល។តួយ៉ាង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ សារមន្ទីរភាពយន្ត និងមជ្ឈមណ្ឌលតាំងពិពណ៌ទូក នឹងត្រូវបានបញ្ចប់រួចរាល់នៅក្នុងរយៈពេល២ឆ្នាំទៅ៣ឆ្នាំសម្រាប់ដំណាក់កាលទី១។

នៅដំណាក់កាលទី២ តំបន់លេងកម្សាន្ត និងតំបន់រៀបចំព្រឹត្តិការណ៍ដែលទាក់ទងនឹងខ្សែភាពយន្តនឹងត្រូវបានរៀបចំរួចរាល់។ ចំណែក ដំណាក់​កាល​ទី​៣ ជាការច្របាច់បញ្ចូលគ្នារវាងការ​អភិវឌ្ឍ​ន៍​សេវា​ទេសចរណ៍​ និង​ការ​កម្សាន្ត​។

លើសពីនេះ តំបន់ពាណិជ្ជកម្មនឹងត្រូវបានរៀបចំឱ្យមានហាងកាហ្វេ ភោជនីយដ្ឋាន និងសេវាកម្មនានា ដើម្បីបង្កើនបទពិសោធន៍អ្នកទស្សនា។

ចំណែក តំបន់​ផែ​នឹង​ផ្តល់​សេវាកម្ម​នានា រួម​មាន​ ការ​តាំង​ពិពណ៌​ទូក ភោជនីយដ្ឋាន​បណ្តែត​ទឹក ដំណើរ​កម្សាន្ត​តាម​ដង​ទន្លេ និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក ដើម្បីបង្កើន​ភាព​ទាក់ទាញ​នៃ​ទន្លេ Saigon។

លោក Nguyen Tran Huu Thang ប្រធានសមាគមទេសចរណ៍ផ្លូវទឹក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Thu Duc Maritime JSC បានសង្កត់ធ្ងន់ថា ទីតាំងយុទ្ធសាស្ត្ររបស់ឧទ្យាននេះស្ថិតនៅចំច្រកផ្លូវចូលទៅកាន់តំបន់កណ្តាលទីក្រុងហូជីមិញ ដោយបង្កភាពងាយស្រួលក្នុងការធ្វើដំណើរទាំងផ្លូវគោក និងផ្លូវទឹកតាមដងទន្លេ៕ប្រភព: Vnexpress៕

LEAVE A REPLY

Please enter your comment!
Please enter your name here