ដោយៈ ម៉ាណា
ប្រទេសចិនៈ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុលអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បន្តដឹកនាំគណៈប្រតិភូទស្សនកិច្ចក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. ដែលមានមុខសញ្ញាវិនិយោគ លើការផ្គុំដំឡើងនាវា ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មជ្ឍមណ្ឌលភស្តុភារកម្ម និងវិស័យភស្តុភារកម្មផ្សេងៗ។
ទស្សនកិច្ចការងារនារសៀលនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងរាក់ទាក់ពីសំណាក់ លោក Jason Fan នាយកប្រតិបត្តិក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. និងសហការី។
-->

លោកនាយកប្រតិបត្តិ បានសម្តែងនូវសេចក្តីសោមនស្សចំពោះគណៈប្រតិភូ ដែលបានឆ្លៀតពេលវេលាអញ្ជើញ មកធ្វើទស្សនកិច្ចមកកាន់ក្រុមហ៊ុនរបស់លោកនាឱកាសនេះ។ បន្ថែមពីនេះ លោកបានធ្វើការពិព័ណ៌នាអំពីសាវតាររបស់ក្រុមហ៊ុន ក៏ដូចជា វឌ្ឍនភាពថ្មីៗនៃប្រតិបត្តិការរបស់ខ្លួន។
ស្របគ្នានេះដែរ លោកJason ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកផែនការវិនិយោគរបស់ខ្លួន មកកាន់ព្រះរាជាណាចក្រកម្ពុជា តាមរយៈការរចនានាវាចរណ៍ពហុបំណង ការនាំចេញនាវាពីសៀងហៃចូលមកទីផ្សារកម្ពុជា ការធ្វើស្ថាបនូបនីយកម្មក្រុមហ៊ុន ក្រោមរូបភាពភាគហ៊ុនិក និងការបោះទីតាំងផលិតនាវាជាដើម។
លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការវាយតម្លៃខ្ពស់ជូនចំពោះភាពរីកលូតលាស់របស់ក្រុមហ៊ុន ដែលគួរយកជាករណីសិក្សា។ ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី បានអញ្ជើញលោកនាយកប្រតិបត្តិ និងសហការី ពិនិត្យលទ្ធភាព និងឱកាសមកធ្វើទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីសិក្សាឈ្វេងយល់បន្ថែមពីបរិយាកាសវិនិយោគ និងធុរកិច្ច សំដៅពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគរបស់ខ្លួនបន្ថែមទៀត តាមរយៈការច្បាមយកឱកាសវិនិយោគលើវិស័យដែលមានសក្តានុពល និងស្របតាមឯកទេសរបស់ក្រុមហ៊ុនផ្ទាល់៕

