ដោយ: គង់ លាងហួរ
អន្តរជាតិ: ធនាគារកណ្តាលរបស់ប្រទេសថៃ(BoT)បានប្រកាសអំពីការបន្ធូរបន្ថយច្បាប់ស្តីពីការកំណត់ទំហំនៃការផ្តល់ប្រាក់កម្ចីធៀបនឹងតម្លៃអចលនទ្រព្យ ដែលនឹងចូលជាធរមានចាប់ពីខែឧសភា ឆ្នាំនេះរហូតដល់ខែមិថុនាឆ្នាំ២០២៦។
វិធានការនេះមានគោលដៅដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យថៃដែលកំពុងជួបប្រទះការលំបាក។ ធនាគារកណ្តាលថៃបានប្រកាសចាត់ទុកវិធានការមួយនេះថា នឹងមិនបង្កហានិភ័យធ្ងន់ធ្ងរដល់ស្ថិរភាពហិរញ្ញវត្ថុនោះទេ។
វិធានការនេះត្រូវបានប្រកាសឡើង បន្ទាប់ពីបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យបានស្នើសុំជំនួយពីរដ្ឋាភិបាលថៃដើម្បីស្រោចស្រង់វិស័យអចលនទ្រព្យក្នុងស្រុក ដែលកំពុងរងផលប៉ះពាល់ ដោយសារការធ្លាក់ចុះនៃតម្រូវការ ការផ្គត់ផ្គង់លើសតម្រូវការ លក្ខណៈវិនិច្ឆ័យតឹងរ៉ឹងលើការផ្តល់ប្រាក់កម្ចីទិញផ្ទះ និងកម្រិតបំណុលក្នុងគ្រួសារកើនឡើង។
-->

ធនាគារកណ្តាលថៃ(BoT)បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វិស័យអចលនទ្រព្យថៃកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ដោយមិនទាន់បង្ហាញសញ្ញាច្បាស់លាស់ណាមួយនៃការស្ទុះងើបឡើងវិញនៅឡើយ”។
នៅក្រោមវិធានការថ្មីនេះ អ្នកទិញលំនៅដ្ឋាននឹងមានសិទ្ធិទទួលបានប្រាក់កម្ចីចំនួន១០០ភាគរយនៃតម្លៃលំនៅដ្ឋាន ដែលខ្លួនទិញ។តួលេខនេះមានការកើនឡើងបើធៀបនឹងការកំណត់បច្ចុប្បន្នក្នុងការផ្តល់ប្រាក់កម្ចីត្រឹមតែ៧០ភាគរយទៅ៩០ភាគរយនៃតម្លៃផ្ទះ។
ធនាគារកណ្តាលថៃរំពឹងថា ការបន្ធូរបន្ថយច្បាប់ស្តីពីការកំណត់ទំហំប្រាក់កម្ចីធៀបនឹងតម្លៃអចលនទ្រព្យនឹងជួយដោះស្រាយបញ្ហានៃការផ្គត់ផ្គង់លំនៅដ្ឋានលើសតម្រូវការ។យ៉ាងណាមិញ ច្បាប់នេះជះផលវិជ្ជមានតិចតួចប៉ុណ្ណោះទៅលើការជំរុញសន្ទុះសេដ្ឋកិច្ចថៃ។
លោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានអះអាងថា រដ្ឋាភិបាលគ្រោងនឹងប្រកាសពីការកាត់បន្ថយថ្លៃសេវាផ្ទេរ និងចុះបញ្ជីអចលនទ្រព្យក្នុងរយៈពេល១ខែខាងមុខ ដើម្បីគាំទ្រវិស័យនេះ ដែលជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចដ៏សំខាន់។
លោក Pichai បានថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានថា “ម៉ាស៊ីនសេដ្ឋកិច្ចមួយនេះមានទំហំធំណាស់។ វាមិនបានដំណើរការពេញលេញអស់រយៈពេលជាង១០ឆ្នាំមកហើយ”៕ប្រភព: Bloomberg៕

